ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមជាអធិបតី វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៥” ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់”

នៅថ្ងៃសុក្រ ១០កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដោយមានកិច្ចសហការគាំទ្រពីបណ្តាក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្តល់សេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) និងបុគ្គលពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៥” ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់” ក្រោមអធិបតីភាព ឯកឧត្ដមរស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅសណ្ឋាគារ សុខា ភ្នំពេញក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម ក៏ដូចជាប្រមូលផ្ដុំអ្នកជំនាញ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង និងទទួលបានទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច។
សម្រាប់ការរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៥” នេះ បានផ្តោតជាសំខាន់ទៅលើការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនវិស័យបរធនបាលកិច្ច, គុណប្រយោជន៍នៃបរធន បាល កិច្ចគ្រួសារ និងបរធនបាលកិច្ចសប្បុរសធម៌, ការបន្តស្ថេរភាពហិរញ្ញវត្ថុតជំនាន់, ឱកាសវិនិយោគអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ច, ការប្រែក្លាយកម្ពុជាជាទិសដៅថ្មីសម្រាប់ ការវិនិយោគតាមរយៈបរធនបាលកិច្ចអចលនទ្រព្យ និងភាពចាំ បាច់ នៃការប្រើប្រាស់សេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ច្រើនឆ្នាំ។
ជាពិសេស វេទិកានេះ រឹតតែអធិកអធមដោយមានការរៀបចំ៖ ១). ពិធីប្រកាសទទួលស្គាល់ សមាគមបរធនបាលកម្ពុជា ជាផ្លូវការ និង២). ពិធីប្រគល់ពានរង្វាន់ឆ្នើមដល់ក្រុមហ៊ុន, ធនាគារ និងបុគ្គលដែលជាប្រតិបត្តិករផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច, ដៃគូសហប្រតិបត្តិការសកម្ម និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៤ ផងដែរ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សា អ.ស.ហ., ឯកឧត្ដម លោកជំទាវ តំណាងក្រសួង/ស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំង ២៥ រាជធានី-ខេត្ត,ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, វាគ្មិន, ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៥០០ នាក់។