ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម (លើកទី១) ស្តីពី “ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ” ដើម្បីលើកកម្ពស់គុណភាពការងារ បង្កើនសមត្ថភាពមន្ត្រីក្នុងវិស័យព័ត៌មាន និងសោតទស្សន៍,

( ភ្នំពេញ )៖ បន្ទាប់ពីដំណើរការចែករំលែក និងផ្តល់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបំពេញកិច្ចការងារផ្នែកសារព័ត៌មាន អស់រយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម (លើកទី១) ស្តីពី “ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ” បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវ:សារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងការលើកកម្ពស់គុណភាពការងារ បង្កើនសមត្ថភាពមន្ត្រីក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងបង្កើនសម្ថភាពបច្ចេកទេសគុណភាពព័ត៌មាន គោរពក្រមសីលធម៌ និងវិជ្ជាជីវៈដល់មន្ត្រីក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងប្រតិបត្តិករមកពីស្ថាប័នមិនមែនរដ្ឋមួយចំនួនទៀត។
វគ្គបណ្តុះបណ្តាលបានបែងចែកជា ៣វគ្គ ៣ជំនាញ៖-ជំនាញបច្ចេកទេសកម្រិតមធ្យមស្តីពីផលិតមាតិកា(លើកទី១)
-ជំនាញបច្ចេកទេសកម្រិតមធ្យមស្តីពីការផលិតព័ត៌មាន(លើកទី១)
-ជំនាញបច្ចេកទេសកម្រិតមធ្យមស្តីពីបច្ចេកវិទ្យាក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ(លើកទី១)។
ឯកឧត្ដម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពឱ្យសិក្ខាកាមទាំងអស់ក្លាយជាធនធានមនុស្សដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណភាព និងទេពកោសល្យខ្ពស់។ ឯកឧត្ដម រដ្ឋមន្ត្រី សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងជំនាញ និងវិធីសាស្ត្រដ៏សមស្រប សម្រាប់ ការផលិតព័ត៌មានប្រកបដោយគុណភាព, ការផលិតមាតិកាផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ, ការធ្វើទីផ្សារសម្រាប់មាតិកាដែលបានផលិត, ការផលិតវីដេអូបទយកការណ៍ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា,ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយក្នុងអង្គភាពរបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព ព្រមទាំងការពារ និងបង្ការគ្រោះថ្នាក់ក្នុងការងារ។
នៅក្នុងឱកាសនេះដែរ ឯកឧត្ដម រដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ បន្តអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជានិច្ច ទាំងផ្នែកចំណេះដឹង និងជំនាញ ដើម្បីឱ្យសាកសមជាធនធានមនុស្សដែលស្ថាប័ន និងសង្គមជាតិត្រូវការ។ ដូច្នេះសម្រាប់វគ្គបណ្តុះបណ្តាលនៅពេលបន្តទៅមុខទៀត ឯកឧត្តម រដ្ឋមន្ដ្រី គូសបញ្ជាក់ថា នឹងមានវគ្គកម្រិតខ្ពស់ លើជំនាញផ្សេងៗបន្ថែមទៀត ។
គូរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានកម្រិតមធ្យមទី១ គឺមានអ្នកចូលរួមមកពីអគ្គនាយកដ្ឋានទាំង៤ គឺ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានសារព័ត៌មានកម្ពុជា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, មន្ទីរព័ត៌មានរាជធានី-ខេត្ត, ជំនួយការថ្នាក់ដឹកនាំ, អង្គភាពសារព័ត៌មាន (TV Online) ទាំង ១៨អង្គភាព សរុប ចំនួន ១២៦រូប បានបញ្ចប់វគ្គដោយជោគជ័យ ៕