ឯកឧត្ដម ឌឿន សុវណ្ណ អញ្ជើញចុះសំណេះសំណាលកម្លាំងស្នងការនគរបាលខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ

នាព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្ដម សួស សុខា អនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ, លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមការងារ អញ្ជើញអធិបតីចុះសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ជូនដល់ស្នងការនគរបាលខេត្តពោធិ៍សាត់។
ថ្លែងបើកក្នុងពិធីផ្សព្វផ្សាយផ្សព្វផ្សាយខ្លឹមសារច្បាប់ស្ដីពីសញ្ជាតិ ឯកឧត្ដម ឌឿន សុវណ្ណ បានមានប្រសាសន៍ថា ដើម្បីអោយមានភាពសមស្របទៅនឹងសភាពការណ៍និង ស្ថានភាពនយោបាយ ប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗ ក៏ត្រូវដើរ អោយទាន់សភាពការណ៍ ក្នុងនោះប្រទេសកម្ពុជា ដោយមានការគិតគូរពីស្ថាប័នជាន់ខ្ពស់របស់ ជាតិបានគិតគូធ្វើការកែទំរង់ផ្នែកច្បាប់នេះដោយបានស្នើសុំព្រះមហាក្សត្រ ដើម្បីធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញាមាត្រាទី៣៣ ដើម្បីអោយការវិវន្ត និងមានភាពបត់បែនច្បាស់លាស់ទៅនឹងសភាពការណ៍ បច្ចុប្បន្ន បន្ទាប់ពីបានការយល់ព្រមពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ដោយមានក្រសួងយុត្តិធម៌បានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះរហូតទទួលលទ្ធផល ដូចថ្ងៃនេះហើយព្រះរាជក្រមស្តីពីការប្រកាសអោយប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដែលមានពីរមាត្រា ជាការប្រញាប់ ដើម្បីទប់ទល់អោយទាន់សភាពការបច្ចុប្បន្ន។
ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិនាពេលនេះ លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ទីប្រឹក្សាក្រសួងមហាផ្ទៃ បានឡើងធ្វើបទបង្ហាញស្ដីពីខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ជូនដល់មានមន្ត្រីពាក់ព័ន្ធចូលរួមប្រមាណ ២០០រូប។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឌឿន សុវណ្ណ ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់គ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដែលបានបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បាននាំយកអំណោយជាសំភារៈប្រើប្រាស់ក្នុងនោះម៉្សៅសាប៊ូ ចំនួន ២០០កេស ជូនដល់ស្នងការនគរបាលខេត្តពោធិ៍សាត់៕