ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខដល់កងកម្លាំងឈរជើងទិសប្រាសាទតាមាន់

ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី ទទួលបន្ទុកសិទ្ធមនុស្សកម្ពុជាបាន អញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងឈរជើងការពារព្រំដែនទិសប្រាសាទតាមាន់និងបាននាំយកអំណោយសម្ភារៈ ថវិការ មួយចំនួនធំ មកប្រគល់ជូនផងដែរក្នុងពិធីប្រគល់-ទទួល នាឱកាសនោះ តាងនាមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ទាំងផ្នែកស្មារតី សម្ភារៈ និងថវិការ ។ ការយកចិត្តទុកដាក់នេះ ស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំជួររាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណៈភាពទឹកដី និង ជាតិ សាសនា ព្រះមហាក្សត្រ ជាមួយគ្នានេះ យោធិនទាំងអស់ក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យបានល្អប្រសើរបំផុត។

ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ ដែលហ៊ានលះបង់អាយុជីវិត និងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដីកម្ពុជានៃយើង ។

ជាទីបញ្ចប់ លោកមេបញ្ជាការ ក៏បានគោរពជូនពរយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន បវរសួស្តី មហាប្រសើរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ព្រមទាំងបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕