ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំលើកទី២នៃប្រទេសជាមិត្តនៃ ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត (Hiroshima AI Process Friends Group)
តបតាមការអញ្ជើញរបស់ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងសារគមនាគមន៍ជប៉ុន ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២នៃ “ក្រុមប្រទេសជាមិត្តនៃដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត (Hiroshima AI Process Friends Group)” នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំទទួលបន្ទុកឌីជីថល អង្គការអន្តរជាតិ និងក្រុមហ៊ុនបច្ចេកវិទ្យានានានៃក្រុមប្រទេសជាមិត្ត។
ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអំពីការចាប់យកនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដោយបានគូសបញ្ជាក់អំពីបទពិសោធននិងទស្សនវិស័យរបស់កម្ពុជា ពិសេសផ្តោតលើសារៈសំខាន់នៃកិច្ចសហការដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព សន្តិសុខ និងទំនុកចិត្ត ស្របតាមគោលការណ៍រួមមានជាអាទិ៍តម្លាភាព យុត្តិធម៌ និងនរាទិភាព (human-centricity) ពោលគឺការផ្ដល់អាទិភាពលើមនុស្ស។
ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសារគមនាគមន៍ជប៉ុន។ ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីកិច្ចការបញ្ញាសិប្បនិម្មិតនៅប្រទេសទាំងពីរ ព្រមទាំងបានចែករំលែកទៅវិញទៅមកនិងសម្ដែងក្ដីរីករាយអំពីវឌ្ឍនភាពនៃកិច្ចសហការក្រោមក្របខណ្ឌកំណត់ហេតុរួម ដែលបានចុះហត្ថលេខាកាលពីខែមករា កន្លងទៅនេះ និងកិច្ចសហការទ្វេភាគីផ្សេងទៀតទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល សន្តិសុខសាយប័រ ធនធានមនុស្សឌីជីថល និងបញ្ញាសិប្បនិម្មិត។ ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីរបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហការទ្វេភាគីរវាងកម្ពុជានិងជប៉ុនលើផ្នែកឌីជីថលនិងបញ្ញាសិប្បនិម្មិតឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីប្រយោជន៍ប្រជាជាតិទាំងពីរ។
កិច្ចប្រជុំនេះមានកិច្ចប្រជុំពិភាក្សាតុមូល (Multi-stakeholder Roundtable) និងកិច្ចប្រជុំពិភាក្សាជាក្រុម (Breakout Session) ដោយមានការចូលរួមពីអ្នកជំនាញពីតំណាងនៃវិស័យសាធារណៈនិងក្រុមហ៊ុនផ្តល់សេវាពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនៃក្រុមប្រទេសជាមិត្តនិងដៃគូសហគមន៍ ដើម្បីចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងអភិបាលកិច្ចនិងការដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI Governance and Deployment)។
គួររំលឹកផងដែរថា Hiroshima AI Process ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ ដោយក្រុមប្រទេស G7 ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមរបស់ជប៉ុនក្នុងការជំរុញកិច្ចសហការលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។ នៅឆ្នាំ២០២៤ Hiroshima AI Process បានបង្កើតឱ្យក្រុមប្រទេសជាមិត្ត (Friends Group) ដែលប្រទេសកម្ពុជាបានចូលជាសមាជិកកាលពីខែឧសភា ឆ្នាំ២០២៤ ហើយបន្ទាប់មក នៅឆ្នាំ២០២៥ បានង្កើតឱ្យមានសហគមន៍ដៃគូ (Partners’ Community) ដែលអនុញ្ញាតឲ្យមានការចូមរួមពីវិស័យឯកជននិងអង្គការអន្តរជាតិ។ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ Hiroshima AI Process មានក្រុមប្រទេសជាមិត្តចំនួន ៦៦ប្រទេសនិងសហភាពអឺរ៉ុប និងមានដៃគូចំនួន ៣៨ មកពីអង្គការអន្តរជាតិនិងវិស័យឯកជនដែលភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក ៕



