ឯកឧត្ដមប្រធានរដ្ឋសភាប្រទេសហុងគ្រី បានរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
ក្រោយពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីររួចមក នៅក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នោះ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភាហុងគ្រី។
ប្រធានរដ្ឋសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងប្រទេសហុងគ្រីនាឱកាសនេះ ថាជាព្រឹត្តិការណ៍សំខាន់ថ្មីមួយបង្ហាញពីការរីកចម្រើនកាន់តែខ្លំាងក្លាឡើងថែមទៀតនៃទំនាក់ទំនងប្រទេសទំាងពីរដែលមានតំាងពីរយូរលង់ណាស់មកហើយ និងដែលបានឈានដល់ខួបទី៧០ឆ្នាំនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។
អនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខានៅពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីនៃចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ការទូតសភាប្រទេសទំាងពីរ ដែលបានយកប្រជាពលរដ្ឋជាស្នូល និងការគោរពនិងជឿជាក់ ឱ្យតម្លៃគ្នាទៅវិញទៅមក។
នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់នេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរក៏បានចែករំលែកបទពិសោធន៍ និងទស្សនៈ ជុំវិញប្រវត្តិសាស្រ្តនៃទំនាក់ទំនងប្រទេសកម្ពុជា និងហុងគ្រី ព្រមទាំងបានលើកឡើងពីបញ្ហាវប្បធម៌ អរិយធម៌ បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គមកិច្ច សុខុលមាលភាពពលរដ្ឋ រួមនឹងបញ្ហាអន្តរជាតិ ពិសេសតម្លៃសន្តិភាព ផងដែរ៕



