ឯកឧត្ដមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការនិងសាសនា

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ។
ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្ដិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំពាហិរសាសនា មន្ទីរ អង្គការដៃគូរពាក់ព័ន្ធ លោក លោកស្រី មន្ត្រីរាជការ។
ក្នុងពិធីបើកសន្និបាតនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងធម្មការនិងសាសនា និងរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥កន្លងទៅនេះ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាត្រូវបានកត់សម្គាល់នៅក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានរំលេចថា សម្តេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពី សមេ្តចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកជាតិ និងអន្តរជាតិ។
លើសពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅក្នុងនីតិកាលទី៧នេះដែរ ក្រសួងធម្មការនិងសាសនា ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តអនុវត្តគោលនយោបាយ “លើក កម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្ថិតនៅ បញ្ចកោណទី១ មុំទី៥: ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ឆ្លើយ តបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវ ផែនការយុទ្ធសាស្រ្តចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ២០២៤-២០២៨ រួមមាន៖
១. ការលើកកម្ពស់សាសនារបស់រដ្ឋ
២. ការលើកកម្ពស់សីលធម៌សង្គម
៣. ការរក្សាសុខដុមនីយកម្មសាសនា
៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង
៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈការអនុវត្តផែនការសកម្មភាពការងារក្នុងឆ្នាំ២០២៥ កន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញការងារប្រចាំថ្ងៃឆ្លើយតបទៅនឹងផែនការ ដែលបានដាក់ចេញ ដោយសម្រេចបានលទ្ធផលការងារតាមផែនការគ្រោងទុក។ ជាក់ស្តែង ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដក ខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ដើម្បីរក្សាបាននូវសុដុមនីយកម្មសាសនា តាមរយៈគ្រប់សាសនាទាំងអស់ បានចូលរួមសហការលើកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការងារមនុស្សធម៌ ធានាឱ្យវត្តអារាមក្លាយទៅជាកន្លែងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ និងជាបុញ្ញខេត្ត គួរជាទីជ្រះថ្លារបស់ប្រជាជនកម្ពុជាក្នុងការបំពេញកុសល្យ ក្រសួងធម្មការនិងសាសនា បានបង្កើតអភិក្រម ស៣ សម្រាប់វត្តអារាម រួមមាន ៖ វត្តស្អាត វត្តស្វាង និងវត្តស្ងប់ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។វត្តអារាមទាំងអស់ក៏ជាកន្លែងសម្រាប់ការអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួម ផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបំបាត់អំពើហឹង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រៅពីនេះ ក្រសួងក៏បានធានានូវការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ដោយជម្រុញ តួនាទីរបស់អគ្គាធិការដ្ឋាន ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រសួងតាមរយៈការពង្រឹងគុណភាពប្រឡងគ្រប់កម្រិតពុទ្ធិកសិក្សា និងការពង្រឹងសមត្ថភាពរបស់គ្រូគ្រប់កម្រិត។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍បន្ថែម ដើម្បីតម្រង់ទិសដល់អង្គសន្និបាត ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដូចខាងក្រោម៖
១.ត្រូវធ្វើការពិភាក្សា និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រៀបចំនូវទិសដៅបន្ត សម្រាប់ អនុវត្តក្នុងឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល។
២.សូមឱ្យព្រះសមាជិក សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ចូលរួមជាព្រះមតិយោបល់ និងយោបល់ឱ្យបានផុលផុស ស្វែងរកធាតុចូលថ្មីៗ បន្ថែមទៀត ដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង៥របស់ ក្រសួងរយៈពេល៥ឆ្នាំ ២០២៤-២០២៨ ឱ្យទទួលបានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ។
៣.សូមនិមន្ត និងអញ្ជើញចូលរួមឱ្យបានពេញលេញ ប្រកបដោយ ព្រះស្មារតី ស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការពិភាក្សា រក្សា សាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់ ក្នុងគ្រួសារធម្មការនិងសាសនាតែមួយ ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទទួល បានលទ្ធផលល្អប្រសើរ។
៤.សូមឱ្យកិច្ចពិភាក្សាក្នុងអង្គសន្និបាតនាថ្ងៃនេះ ទទួលបានផ្លែផ្កា ជា វិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការនិងសាសនា ឱ្យមានការរីកចម្រើន និងរុងរឿង។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរ សម្ដេចជាអម្ចាស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់សាសនា លោក លោកស្រី មន្ត្រីរាជការ និងអង្គសន្និបាតទាំងមូល សូមប្រកប ដោយពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការដទៃឡើយ និងសូមទទួលបាននូវសេចក្តី សុខស្លាម៉ាត់ ចម្រើនព្ហារ៉កាត់ ករុណារ៉ោះម៉ាត់ ពីព្រះអាល់ឡោះ និងសូមព្រះអម្ចាស់យេស៊ូគ្រិស្ត ប្រទាន ពរ គ្រប់ប្រការ៕


