ឯកឧត្ដមបណ្ឌិត កៅ ថាច ស្វែងយល់ពីបច្ចេកវិទ្យាដឹកជញ្ជូនបៃតងនៅទីក្រុងណាននីង ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា
ណាននីង៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និងគម្រោងកសិកម្មឆ្លាតវៃ “Smart Agriculture” របស់ក្រុមហ៊ុន Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងសំខាន់នៃទស្សនកិច្ច៖
– ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។
– ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាពនិងបៃតង។
– ការគ្រប់គ្រងកសិកម្មតាមបែបវៃឆ្លាត “Smart Agriculture / Agri-Tech”
អំពីគម្រោងហិរញ្ញប្បទានបៃតង (Green Finance) របស់ ARDB
ធនាគារ ARDB កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង តាមរយៈ៖
១. ដៃគូរយុទ្ធសាស្ត្រជាមួយ Green Climate Fund៖ ARDB គឺជាធនាគារតែមួយគត់នៅកម្ពុជា ដែលទទួលបានមូលនិធិពី Green Climate Fund (GCF)ដេីម្បីផ្តល់ឥណទានបៃតងទៅអាជីវកម្មបៃតង និងកសិកម្មប្រកបដោយចីរភាព(sustainable agriculture)
២. ការផ្តល់ឥណទានបៃតង៖ ផ្តល់កម្ចីដែលមានអត្រាការប្រាក់សម្បទាន ដល់កសិករ និងសហគ្រាសកសិកម្មបៃតងដែលអនុវត្តគម្រោង ដូចជា៖
– ការប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ (Solar Energy)។
– ការវិនិយោគលើ មធ្យោបាយដឹកជញ្ជូនដែលប្រេីប្រាស់ឋាមពលបៃតង។
– ការកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(greenhouse gas emission)
លោកបណ្ឌិតលេីកឡេីងថា “ការវិនិយោបៃតង មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងក្នុងរយៈមធ្យម និងវែង និងការធ្វេីកសិកម្មប្រកបដោយចីរភាព។ “៕



