ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម

(កំពង់ធំ-កំពង់ចាម)៖ នាថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន ០២ ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។
គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅ នឹងតម្រូវការទីផ្សារ។
ទីតាំងទាំង ០២ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន៖
១. សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd: ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់។
២. ឃ្លាំងប្រមូលទិញរបស់លោក ងួន វណ្ណៈ: ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់សហគ្រាស និងអាជីវករ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម។
ឯកឧត្ដមបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍គន្លឹះៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសស្តុកទុក និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពកសិផលតាមស្តង់ដារកំណត់។
ការចុះពិនិត្យនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការគាំទ្រផ្នែកហិរញ្ញប្បទាន និងបច្ចេកទេស ដល់តួអង្គពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជា “អធិរាជស្វាយចន្ទី” និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕


