ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ និងជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​ររាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន ពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទា «White Pekin Duck» នេះ ឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការបង្កើនចរន្តផលិតកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា៕