ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ

ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសណ្ឋាគារ Shangri-La Phnom Penh ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើក នៃសិក្ខាសាលា «2025 KACPE International Public Policy Symposium» ក្រោមមូលបទ “រីកចម្រើនរួមគ្នា៖ ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េ-អាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥” (Advancing Together: Korea-ASEAN Strategic Alliance Toward ASEAN Vision 2045) ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគ្រឹះស្ថាន Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី ក្រោមការគាំទ្រពី Hyundai Motor Chung Mong-Koo Foundation (CMKF) និង Korea Foundation (KF) នៃសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះ មានគោលបំណងពិភាក្សាលើគោលនយោបាយ និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច នយោបាយបាយ សន្តិសុខ និងវប្បធម៌ និងជាពិសេសផ្តោតសំខាន់លើការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមនានារបស់សាធារណរដ្ឋកូរ៉េ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងដំណើរការសមាហរណកម្មតំបន់ និងនវានុវត្តន៍។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី កម្ពុជាបានចូលរួមសំខាន់ក្នុងការតម្រង់ផ្លូវឆ្ពោះទៅអនាគត របស់អាស៊ាន តាមរយៈការប្តេជ្ញារបស់សម្តេច ក្នុងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់សម្តេចធិបតី ពិតជាស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងថា បច្ចុប្បន្ន សមាហរណកម្មអាស៊ាន គឺមិនមែនត្រឹមតែជាការបង្កើនកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែគឺជាការរួមបញ្ចូលគ្នាតែមួយ ដើម្បីឆ្ពោះទៅសម្រេចបានភាពធន់ និងអនាគតរួមគ្នា។ ឯកឧត្តម លើកឡើងថា ការវិវឌ្ឍន៍របស់កម្ពុជា អាចឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍របស់អាស៊ាន ព្រោះថា កម្ពុជាបានងើបចេញពីអតីតកាលដ៏ខ្មៅងងឹង និងចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែបច្ចុប្បន្នកម្ពុជាសម្រេចបានស្ថិរភាពជាតិ និងមានកំណើនសេដ្ឋកិច្ចជាទីកត់សម្គាល់ ហេតុនេះ បើកម្ពុជាអាចធ្វើបាន នោះអាស៊ានក៏នឹងអាចធ្វើបានដូចគ្នា ហើយបូករួមជាមួយកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋកូរ៉េ នោះនឹងមិនមានអ្វីដែលអាស៊ាន មិនអាចសម្រេចបាននោះឡើយ។ ឯកឧត្តមបានថ្លែងបន្ថែមថា សាធារណរដ្ឋកូរ៉េ គឹជាប្រភពមួយនៃបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាស៊ាន ហើយអាស៊ានគឺជាទីផ្សារដ៏ធំមួយរបស់កូរ៉េ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការរវាអាស៊ាន និងកូរ៉េ នឹងនាំមកនូវផលវិជ្ជមានធំធេងលើសការរំពឹងទុក។

ដោយមើលឃើញបញ្ហាប្រឈមនានា ដូចជា បញ្ហាភូមិសាស្ត្រនយោបាយ ការកើនឡើងនៃការការពារនិយម និងគម្លាតឌីជីថល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា រវាងប្រទេសសមាជិកអាស៊ាន តាមរយៈការបង្កើនភាពជាដៃគូ ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ និងការបង្រួមគម្លាតឌីជីថល។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ គ្រឹះស្ថានស្រាវជ្រាវ Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី ដែលតែងតែមានភាពសកម្ម ក្នុងបង្កើតវេទិការសម្រាប់ការចែករំលែក និងការជំរុញឱ្យមានភាពជាដៃគូ រវាងប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងអាស៊ាន ហើយឯកឧត្តម បានថ្លែងអំណរគុណចំពោះ Hyundai Motor Chung Mong-Koo Foundation និង the Korea Foundation នៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់ការរៀបចំសិក្ខាសាលា ដ៏សំខាន់នេះ។