ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid) នៃប្រទេសន័រវេស ជួយធ្វើយុទ្ធនាការជាសកលប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ។

នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយកអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងថា ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោកហាមប្រាម ក្នុងនោះរួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត បន្តទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ជាពិសេសក្មេងតូចៗ ក៏ដូចបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខ ទៀតផង។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត លី ធុជ បានស្នើសុំឱ្យអង្គការ NPA នៃប្រទេសន័រវេស គាំទ្រកម្ពុជា និងជួយធ្វើយុទ្ធនាការជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ មកលើប្រទេសកម្ពុជា។