ឯកអគ្គរាជទូតកម្ពុជា និងគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី «La Soirée francophone d’Osaka» នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «La Soirée francophone d’Osaka» រៀបចំឡើងដោយ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅពន្លាជាតិនៃប្រទេសបារាំង នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រួមជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅពន្លាជាតិកម្ពុជា ដែលជាពន្លាជាតិមួយក្នុងចំណោមពន្លាជាតិនៃប្រទេសចំនួន ២២ ក្នុងដំណើរទស្សនាពន្លាជាតិ រយៈពេល ២ថ្ងៃ របស់លោកជំទាវអគ្គលេខាធិការ និងគណៈប្រតិភូ OIF ។
ក្នុងឱកាសទស្សនាពន្លាជាតិកម្ពុជា បន្ទាប់ពីបានស្តាប់ការពន្យល់អំពីអត្ថន័យនៃផ្នែកនីមួយៗរបស់ពន្លាជាតិកម្ពុជា ដែលឧទ្ទេសនាមដោយ ឯកឧត្តមរដ្ឋលេខាធិការ និងមន្រ្តីប្រចាំការពន្លាជាតិកម្ពុជា លោកជំទាវអគ្គលេខាធិការ បានបង្ហាញអំពីចំណាប់អារម្មណ៍ពេញចិត្ត និងកត់សម្គាល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងទៀតរបស់កម្ពុជា ដែលមានការរីកចម្រើនតាំងពីសម័យអង្គរ រហូតមកដល់បច្ចុប្បន្ន។ លោកជំទាវ ក៏បានកោតសរសើរផងដែរ អំពីការតាំងបង្ហាញនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសក្តានុពលទេសចរណ៍របស់កម្ពុជា។
នៅល្ងាចថ្ងៃដដែល ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី «La Soirée francophone d’Osaka» នៅក្នុងពន្លាជាតិនៃប្រទេសបារាំង ដែលមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ បានរៀបចំកម្មវិធីសម្តែងសិល្បៈរបាំជូនពរ ដែលសម្តែងដោយក្រុមសិល្បៈខ្មែរនៅប្រទេសជប៉ុន ផងដែរ។
ថ្លែងក្នុងឱកាសនោះ បន្ទាប់ពីបានរៀបរាប់ពីប្រវត្តិនៃការបង្កើត និងសារៈសំខាន់ នៃអង្គការ OIF លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណដល់គណប្រតិភូកម្ពុជា ដែលបានចូលរួម និងដឹកនាំក្រុមសិល្បៈខ្មែរ មកសម្តែងក្នុងឱកាសដ៏ពិសេសនេះ ដោយបានរំលេចឡើងថា កម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌សម្បូរបែប។ ជាមួយគ្នានេះ លោកជំទាវ ក៏បានលើកឡើងផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលមានព្រះបាទ នរោត្តម សីហនុ ជាបិតាស្ថាបនិក រួមជាមួយមេដឹកនាំនៃបណ្តាប្រទេស Sénégal, Tunisie និង Niger នាពេលនោះ។ ជាមួយគ្នានោះដែរ លោកជំទាវ បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់នៃបណ្តាប្រទេសសមាជិកនៃអង្គការ OIF ថា ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ៕