ឯកអគ្គរដ្ឋទូតអាម៉េរិកចេញមុខការពារលើរចនាសម្ព័ន្ធក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace របស់លោកប្រធានាធិបតី Trump មុនកិច្ចប្រជុំថ្ងៃស្អែកមកដល់
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ នៅហ្គាហ្សាត្រូវតែក្លាយជារឿងអចិន្ត្រៃយ៍ ហើយបានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការពង្រីកការគ្រប់គ្រងនៅតំបន់ West Bank ផងដែរ ថាជាការគំរាមកំហែងដល់លទ្ធភាព នៃដំណោះស្រាយរដ្ឋពីរ ដែលកើតឡើងនៅមុនថ្ងៃ នៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ជាលើកដំបូងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីពិភាក្សាអំពីអនាគតភាពនៃទឹកដីប៉ាឡេស្ទីន។
សម័យប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ដែលបានធ្វើនៅទីក្រុងញូវយ៉ក ត្រូវបានគ្រោងទុកជាលើកដំបូង សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែត្រូវបានផ្លាស់ប្តូរបន្ទាប់ពីលោក Trump បានប្រកាសពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្រាប់ថ្ងៃដដែលដែរ ហើយវាច្បាស់ណាស់ថា វានឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ផែនការធ្វើដំណើរសម្រាប់ក្រុមអ្នកការទូត ដែលមានគម្រោងចូលរួមមកពីរដ្ឋទាំង២។ ខណៈពេលដែលប្រទេសជាង 20 បានទទួលយកការអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាភិបាល មានជាដៃគូជិតស្និទ្ធស្នាលរបស់សហរដ្ឋអាមេរិក រួមទាំងបារាំង អាល្លឺម៉ង់ និងប្រទេសដទៃទៀត បានជ្រើសរើសមិនចូលរួមនៅឡើយទេ ហើយបានបន្តការគាំទ្រដល់អង្គការសហប្រជាជាតិ ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការកែទម្រង់សំខាន់ៗ និងការកាត់បន្ថយថវិកាផងដែរ។ លោក Mike Waltz ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ហាក់ដូចជាបានរិះគន់ប្រទេសដែលមិនទាន់បានចុះហត្ថលេខាលើក្រុមប្រឹក្សាសន្តិភាព Board of Peace ដោយលោកនិយាយថា៖ វាមិនដូចក្រុមប្រឹក្សាសន្តិសុខទេ ក្រុមប្រឹក្សានេះ «មិននិយាយទេដូចមុនឡើយ គឺគេកំពុងធ្វើសកម្មភាពតែម្តង»។ លោក Waltz បាននិយាយទៀតថា «យើងកំពុងឮពីក្រុមអ្នកនិយាយរិះគន់លើរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សានេះ ថាវាមិនធម្មតា ថាវាមិនធ្លាប់មានពីមុនមក» ដោយខ្លះលើកឡើងជាថ្មីម្តងទៀត «វិធីចាស់ៗគឺមិនដំណើរការឡើយ» ជាដើម៕
សម្រួលអត្ថបទ៖ សុផារិន្ទ




