ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាចុងក្រោយលើ សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ »

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ សំដៅបន្តវាស់វែង និងបូកសរុបសមិទ្ធកម្ម កំណត់បញ្ហាប្រឈម និងតម្រង់ទិស ក្នុងការអនុវត្តគោលនយោបាយនានា មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិនិត្យនិងសម្រេច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាយន្តការយុទ្ធសាស្រ្ត និងជាឧបករណ៍ដាស់តឿនសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការផ្ដល់ជាការរាយការណ៍សម្រាប់ប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងតម្រង់ទិសបន្ថែម ឱ្យស្របទៅនឹងការវិវឌ្ឍនៃនិន្នាការសង្គម សេដ្ឋកិច្ចទាំងសកល តំបន់ និងក្នុងស្រុក សំដៅធានាឱ្យបាននូវលទ្ធផលជោគជ័យ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ការរៀបចំរបាយការណ៍វឌ្ឍនភាពនេះ គឺមានសារៈសំខាន់ ដើម្បីវាស់វែងវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន សម្រាប់ពាក់កណ្តាលឆ្នាំ២០២៥, តម្រង់ទិស និងកែសម្រួលវិធានការនានារហូតដល់ចុងឆ្នាំ២០២៥ និងផ្តល់មូលដ្ឋានដល់ការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០២៦។ គួរបញ្ជាក់ផងដែរថា ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺជា
កិច្ចការថ្មី ដែលគណៈកម្មាធិការ ព្រមទាំងក្រុមការងារបច្ចេកទេសត្រូវការរៀនផងធ្វើផង ចំណាយពេលយូរ និងតម្រូវឱ្យក្រសួង-ស្ថាប័នពិភាក្សាផ្ទៃក្នុងផង ជាលក្ខណៈអន្តរក្រសួងផង ជាច្រើនលើកច្រើនសារ ដើម្បីផ្លាស់ប្តូរទិន្នន័យ និងធានាសុក្រឹតភាពនៃរបាយការណ៍ដ៏សំខាន់នេះ សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចយកទៅប្រើប្រាស់បន្តក្នុងការតម្រង់ទិស និងដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆមាសទី១នេះ ដោយបានផ្តោតលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច រួមមាន៖ កត្តាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលមានដូចជា គោលនយោបាយពន្ធបដិការ បញ្ហាភូមិសាស្រ្តនយោបាយ ស្ថានភាពកម្លាំងពលកម្ម ភាពក្រីក្រ គ្រោះមហន្តរាយ មុខងារសាធារណៈ សន្តិសុខសង្គម ការអប់រំ សុខាភិបាល បរិយាកាសធុរកិច្ច និងការវិនិយោគ
ភស្តុភារកម្ម សហគ្រាសធុនតូចនិងមធ្យម កសិកម្ម និងកិច្ចការស្ថិតិនិងទិន្នន័យ ជាដើម។ ក្នុងកិច្ចពិភាក្សានេះ
អង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលក្រសួង ស្ថាប័នបានជួបប្រទះ ក្នុងភាពមិនប្រាកដប្រជានៃ
ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល, ស្ថានភាពតានតឹងព្រំដែនកម្ពុជា-ថៃ និង ការវិលត្រឡប់មកវិញដ៏គំហុកនៃពលករកម្ពុជា។ បន្ថែមលើនេះ អង្គប្រជុំក៏បានរំលេចអំពីបញ្ហាប្រឈមក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ដែលមានដូចជា ភាពមានកម្រិតក្នុងការចែករំលែកទិន្នន័យ, កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ, កង្វះបទពិសោធក្នុងការរៀបចំការអង្កេត និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេកទេស។ល។ របាយការណ៍នេះ នឹងផ្តល់ជាមូលដ្ឋាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប្រកបដោយភាពស្វាហាប់ ប្រាកដនិយមលើការងារកែទម្រង់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័នលើការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះ ដើម្បីសម្រេចបាននូវវិបុលភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងបានផ្តល់ធាតុចូលយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីឱ្យការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ជាចុងក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍វឌ្ឍនភាពផ្អែកលើស្មារតីនៃកិច្ចប្រជុំនេះ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិស៕