ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្ដាំផ្ញើទៅនិស្សិត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ត្រូវផ្សាភ្ជាប់មាគ៌ាជីវិតទៅលើសុខទុក្ខប្រទេសជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ដាំផ្ញើទៅកាន់យុវជន ដែលទទួលសញ្ញាបត្រ នៅរសៀលថ្ងៃនេះថា យុវជនត្រូវផ្សាភ្ជាប់មាគ៌ាជីវិតរបស់ខ្លួន ទៅលើសុខទុក្ខរបស់ប្រទេសជាតិ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីលើកទី៦ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយការអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ ខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វីដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។

ឯកឧត្តម សង្កត់ធ្ងន់ថា ពេលមានវិបត្តិ មានបញ្ហាសូមកុំរត់ទៅរៀងៗខ្លួន។ ហេតុដូចនេះ ទើបមានការរៀបចំកម្មវិធីជួបជុំជាច្រើន ដើម្បីឱ្យមានការជួបជុំគ្នា។ ឯកឧត្តមថា ត្រូវរៀនស្រឡាញ់ជាតិយើងឱ្យបានច្រើន ផ្តល់តម្លៃ និងមោទនភាព ជាការគិតគូ ការបញ្ចេញសកម្មភាព។

ឯកឧត្តមលើកឡើងដែរថា បេក្ខជនគ្រប់រូបត្រូវមានមោទនភាពសម្រាប់ខ្លួនឯង  ក្រុមគ្រួសារក៏មានមោទនភាពសម្រាប់ប្អូនៗ រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានមោទនភាពសម្រាប់ប្អូនៗ។

ក្នុងឱកាសដដែលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ជាឱកាសក្នុងការប្រឡងចូលមន្ត្រីរាជការស៊ីវិលផងដែរ ដោយគ្រប់បេក្ខជនមានឱកាសប្រឡងស្មើភាពគ្នា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាល ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។ 

ជាចុងក្រោយ ឯកឧត្តម ក៏បានជូនពរ ដល់និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំពោះជំហានបន្ទាប់នៃដំណើរជីវិតរបស់ខ្លួន និងទទួលបានជោគជ័យលើដំណើរជីវិតនោះ។