ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ទទួលជួបសម្ដែងការគួរសមជាមួយ ក្រុមកីឡាករវាយគោលលំដាប់ពិភពលោក Legends Tour ដែលមកប្រកួតនៅកម្ពុជា
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម ជាមួយកីឡាករវាយកូនគោលអាជីពអន្តរជាតិ និងប្រតិភូនៃ Legends Tour ដែលនឹងចូលរួមប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship 2025 នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម David Adams នាយកគ្រប់គ្រង Legends Tour និងកីឡាករឆ្នើមទាំងអស់ បានអញ្ជើញមកចូលរួមការប្រកួតនៅប្រទេសកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរអ្នកឧកញ៉ា សំ អាង ក៏ដូចជាក្រុមហ៊ុនវឌ្ឍនៈ ដែលបានចាត់ចែងសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឲ្យមានកម្មវិធីប្រកួតនេះឡើង។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនលោក David Adams នាយកគ្រប់គ្រង Legends Tour និងកីឡាករទាំងអស់ថា កម្ពុជាទើបតែមានសន្តិភាពពេញលេញក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ ហើយបើប្រៀបធៀបទៅបណ្ដាប្រទេសក្នុងពិភពលោក កម្ពុជាទទួលបានសន្តិភាពក្នុងរយៈពេលខ្លីជាងគេបំផុត ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ។ កម្ពុជា មានភព្វសំណាងដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្រោយមកមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបន្តវេនដឹកនាំកម្ពុជាឆ្ពោះទៅមុខយ៉ាងលឿន និងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់អាទិភាពក្នុងការកសាងធនធានមនុស្ស និងជំរុញការលេងកីឡា ដោយពលរដ្ឋម្នាក់លេងកីឡាមួយយ៉ាងតិច ព្រោះដើម្បីលើកកម្ពស់សុខភាព លុបបំបាត់អំពើអបាយមុខផ្សេង និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស។ ពាក់ព័ន្ធកីឡាវាយកូនហ្គោលនៅក្នុងប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានការរីកចម្រើន និងក្លាយជាកីឡាមួយដែលពេញនិយមនូវគ្រប់ស្រទាប់វ័យទាំងអស់។
ជាមួយគ្នានោះ ឯកឧត្តម David Adams បានថ្លែងអំណរគុណ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ចំពោះការទទួលជួបប្រតិភូ Legends Tour ហើយឯកឧត្តមមានសេចក្ដីសោមនស្សរីករាយ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់កម្ពុជា នៅពេលប្រតិភូកីឡាករមកដល់ តាំងពីនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ដោយក្នុងនោះក៏បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានមួយដ៏ស្រស់ស្អាតបំផុត ក្នុងចំណោមអាកាសយានដ្ឋានដែលឯកឧត្តម និងកីឡាទាំងអស់ធ្លាប់បានទៅពីមុនមក។
ពាក់ព័ន្ធជាមួយពានរង្វាន់ Legends Tour នេះ ឯកឧត្តម David Adams បានបញ្ជាក់ថា ពានរង្វាន់ គឺជាពានរង្វាន់ដែលប្រតិភូ Legends Tour ធ្វើដំណើរទស្សនកិច្ចទូទាំងពិភពលោកតែម្ដង ប៉ុន្តែមានទីតាំងធំរបស់ខ្លួននៅប្រទេសអឺរ៉ុប ដូចេ្នះការធ្វើដំណើរចាកចេញពីទ្វីបអឺរ៉ុប គឺជាបេសកកម្មមួយដ៏រីករាយបំផុត ហើយការជ្រើសរើសការធ្វើដំណើរ គឺអាស្រ័យទៅលើទីតាំងដែលត្រូវទៅ ក៏ដូចជាប្រទេសដែលមានវប្បធម៌ដ៏ល្អផងដែរ។



