ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ ព្រឹត្តិការណ៍ប្រកួតវោហាកោសលបានផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug និងបារីអេឡិចត្រូនិក

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រាបជូនបែបនេះក្រោយការប្រកួតវោហាកោសល្យរបស់ និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលមានអ្នកចូលរួមជាង២០០នាក់ បានបញ្ចប់កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ។ 

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសសើរដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការរៀបចំការប្រកួតឱ្យទទួលបានជោគជ័យហើយនិស្សិតទាំងអស់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ពីការប្រើប្រាស់App NoDrug និងបារីអេឡិចត្រូនិក ហើយពួកគាត់អាចជាសកម្មជនថ្មីចូលរួមជួយដល់ការងារផ្សព្វផ្សាយ អប់រំ ” ខ្ញុំនិងអ្នក  មិត្តខ្ញុំនិងមិត្តអ្នក មិនប្រើគ្រឿងញៀន សហគមន៍យើងនឹងមានសុវត្ថិភាព ” ។ 

ថ្លែងក្នុងនាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ បានថ្លែងកោតសសើរដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសនិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលបានខិតខំប្រកបដោយមនសិកាស្នេហាជាតិ ស្រឡាញ់សង្គម ជួយសង្គម តាមរយ:ការចូលរួមយ៉ាងស្រួចស្រាល សហការគ្នា សាមគ្គីគ្នា ធ្វើការជាក្រុម និងចូលរួមឆ្លើយតបនៅប្រធានបទចំនួន៣ មាន : ១.តួនាទីយុវជនក្នុងការងារយុទ្ធប្រឆាំងគ្រឿងញៀន ២.អត្ថប្រយោជន៍ App NoDrug និង ៣.ផលវិបាកនៃបារីអេឡិចត្រូនិច បានយ៉ាងល្អ ហើយសូមឱ្យយកចំណេះដឹងដែលទទួលបាននេះទៅផ្សព្វផ្សាយបន្តបន្ថែមទៀតដើម្បីរួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីគ្រឿងញៀន មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។