ឧត្តមសេនីយ៍ឯក ខឹម សន៖ ផ្តើមចេញពីការលំបាកដែលមិនអាចរៀបរាប់អស់ យើងក៏មានឥស្សរជន យកអាយុជីវិតធ្វើជាដើមទុនស្វែងរកការរំដោះជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានស្គាល់ និងឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏សែនឃោរឃៅព្រៃផ្សៃបំផុតគ្មានពីរលើលោក។ ផ្តើមចេញពីការលំបាកដែលមិនអាចរៀបរាប់អស់ និងគ្រោះមហន្តរាយចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា យើងក៏មានឥស្សរជនបានយកអាយុជីវិតធ្វើជាដើមទុនស្វែងរកការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍
ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលផ្តើមចេញពីថ្ងៃជ័យជម្នះនេះហើយប្រជាជនកម្ពុជាបានមានកំណើតជាថ្មី និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងសុខសន្តិភាព ដែលក្នុងរយៈពេល៥០០ឆ្នាំមកហើយកម្ពុជាពុំដែលទទួលបានសុខសន្តិភាពឡើយ។ ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ខឹម សន យ៉ាងដូច្នេះធ្វើឡើងក្នុងបទឧទ្ទេសនាមពីមេរៀនការងារអប់រំចិត្តសាស្ត្រជូនដល់និស្សិតដែលកំពុងសិក្សានៅសាលវិទ្យាល័យការពារជាតិ ។
ឯកឧត្តមបានបន្តថា នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ៣ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមបានទាំងស្រុង មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍឥតឈប់ឈររហូតដល់បច្ចុប្បន្ន។ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវការពារឱ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ឧត្តមសេនីយ៍ឯក ខឹម សន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ កម្ពុជាបាន និងកំពុងសម្រេចជោគជ័យសមិទ្ធផលធំៗជាបន្តបន្ទាប់ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ ជាពិសេសការកែទម្រង់រាជរដ្ឋាភិបាលឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ដោយផ្តោត
យកកត្តាធនធានមនុស្សជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ណាវិន សាកលវិទ្យាធិការងសាកលវិទ្យាល័យការពារជាតិ និងជានាយកមហាវិទ្យាល័យអប់រំចិត្តសាស្ត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន ដែលបានអញ្ជើញមកធ្វើបទឧទ្ទេសនាមស្តីពីមេរៀនការងារអប់រំចិត្តសាស្ត្រជូនដល់និស្សិតដែលកំពុងសិក្សានៅសាលវិទ្យាល័យការពារជាតិនាពេលនេះ ដោយសង្ឃឹម និងជឿជាក់ថា ក្រោយពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវបទឧទ្ទេសនាមនេះអ្នកចូលរួមទាំងអស់ពិតជាមានការយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ ខ្លឹម សារការងារអប់រំចិត្តសាស្ត្រ និងបានលើកកម្ពស់ស្មារតី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទបានមួយកម្រិតធំបន្ថែមទៀត៕