ឧត្តមសេនីយ៍ទោ សេង ធារិន ចាត់វិធានការ ប្រតិបត្តិការបង្រ្កាបការបទលើ្មសដឹកលៀសខុសច្បាប់ទម្ងន់ ៣០តោន ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ÷នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២ៈ៣០នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទ លើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ទម្ងន់ ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្ត សរុបចំនួន៣ គ្រឿង រួមមាន៖ រថយន្តFUSU ចំណុះ៥តោន ផ្ទុកលៀសទម្ងន់ ១៥តោន ,រថយន្តកូរ៉េចំណុះ៥តោនផ្ទុកលៀសទម្ងន់១០តោន ,រថយន្តកែឆ្នៃ ផ្ទុកលៀសទម្ងន់ ៥តោន និងអ្នកបើកបររថយន្តចំនួន៣នាក់ បញ្ជូនទៅមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកលៀសដែលឃាត់បាន ប្រគល់ជូនមន្រ្តីជំនាញ និងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដី ពីការឈ្លាន ពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប ដោយបន្តបង្រ្កាបបទលើ្មសផ្សេងៗ ដូចជា ឆក់ក្តៅ,ត្រជាក់,ដាក់របាំងស្បៃ,លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ៕