ឧត្តមសេនីយត្រី ស៊ីម សន បានលើកឡើងថា សុខសន្តិភាព ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះធ្វើឱ្យកម្ពុជា យើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងាការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទៅតាមទិសដៅផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
លោកបន្ថែមថា ជាក់ស្តែងវិស័យពុទ្ធចក្រ ក៏មានការរីកចំរើនផងដែរ ដោយក្នុងនោះការកសាងសហេដ្ឋរចនាសម្ព័ន្ទនានា ដើម្បីតម្កល់ទុកជាទីសក្សារបូជាផង និងទុកជាសម្បត្តិវប្បធម៌តជំនាន់ទៅខាងមុខមានការកើនឡើងជាបន្តបន្ទាប់។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ស៊ីម សន នាយករង នាយកដ្ឋានកិច្ចការអាស៊ាន អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសង្រ្កាន្តវត្តព្រហារចាស់ក្នុងពិធីសូត្រមន្តអភិសេកសម្ពោធឆ្លងសម្មិទ្ធផលនានា ក្នុងវត្តព្រហារចាស់ ស្តិតនៅភូមិព្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះទេពលិខិត វ៉ាន់ ចន្ថា មឹកុដិលេខ៧ វត្តនាគវ័ន និងព្រះគ្រូចៅអធិការ អាជ្ញាធរមូលដ្ឋាន ពុទ្ធបរសិស័ទមកពីទីជិតឆ្ងាយជាច្រើន។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ជាក់ស្តែងវត្តព្រហារចាស់នេះ គឺត្រូវបានកសាងឡើងវិញនៅក្រោយពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ គឺនៅក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ។ ក្រោយថ្ងៃរំដោះគ្រប់ទីតំបន់ គឺត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ ទាំងហេដ្ឋរចនាសម្ព័ន្ធ ការពង្រឹងខឿនសេដ្ឋកិច្ចជាតិជាដើម។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា វត្តព្រហារចាស់គឺត្រូវបានចាត់ទុកថាមានវ័យចំណាស់មួយ ដែលត្រូវបានប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ គណកម្មាការអាចារ្យវត្ត បានខិតខំកគៀរគរថវិកាបច្ច័យក្នុងការកសាងវត្តនេះឡើងវិញ មានទាំងព្រះវិហារ សាលាឆាន់ និងហេដ្ឋារចនាសម្ព័ន្ទនានាផងដែរ។
ឧត្ដមសេនីយ៍ត្រី ស៊ីម សន គូសបញ្ជាក់ផងដែរថា ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទពិសេសក្រុមការងារយុវជនសង្រ្កាន្តវត្តព្រហារចាស់ បានខិតខំប្រឹងប្រែងស្វែងរកថវិកា ដើម្បីជាវដីវត្ត រៀបចំបណ្តាញអគ្គីសនីឡើងវិញ និងសាងសង់រោងដាក់នាគជាដើម។ គួរបញ្ជាក់ថា នាគរាជដែលត្រូវបានធ្វើពិធីអភិសេកទៅតាមប្រពៃណីទំនៀមទំលាប់ពីបុរាណមក គឺត្រូវបានប្រជាពុទ្ធបរិស័ទប្រទះឃើញឈើប្រភេទកម្រដែលត្រូវបានកប់ទៅក្នុងដីជំរៅ៣ម៉ែត្រ ដោយឃើញពីគុណតម្លៃទើបប្រជាពុទ្ធបរិស័ទ និងគណកម្មាការអាចារ្យវត្តស្រុះស្រួលគ្នាសាងសង់ជារូបនាគនេះឡើងដើម្បីទុកជាសម្បត្តិទីអារាមវត្តទុកដល់កូនចៅជំនាន់ក្រោយបានឃើញផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ស៊ីម សន បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់គណកម្មកាអាចារ្យវត្ត ព្រះគ្រូចៅអធិការ ពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសក្រុមការងារសង្រ្កាន្តវត្តព្រហារ ដែលបានខិតខំប្រឹងប្រែង ទៅតាមទឹកចិត្តជ្រះថ្លាទាំងការជួយជាសម្ភារៈថវិកា និងកម្លាំងពលកម្ម ដើម្បីឱ្យសម្មិទ្ធិផលទាំងអស់នេះលេចចេញជារូបរាងឡើង និងសូមសំណូមឱ្យមានការយកចិត្តទុកដាក់ថែករក្សាទាំងអស់គ្នា ដើម្បីតម្កល់ទុកជាសម្បត្តិវត្ត ជាទីកន្លែងទាក់ទាញទេសចរណ៍ផ្នែកសាសនា តទៅជំនាន់ក្រោយៗទៀតផងដែរ។
គួរបញ្ជាក់ថា សមិទ្ធិផលដ៏ថ្លៃថ្លាដែលវត្តព្រហារចាស់ត្រូវបានធ្វើពិធីអភិសេកនិងសូត្រមន្តសម្ពោធឆ្លងនាពេលនេះរួមមាន ការទិញដីពង្រីកទីធ្លាវត្ត ការចាក់ដី ធ្វើរបងព័ទ្ធជុំវិញដីដែលទិញបន្ថែម ការសាងសង់រោងតាំងចម្លាក់នាគ និងចម្លាក់នាគ ការសាងសង់រទេះចំនួនបី នង័្គលចំនួនបួន រនាស់ចំនួនមួយ និងទូកចំនួនពីរ ទិញបាសមួយឈុតចំនួនដប់ពីរគ្រាប់ និងរម៉ក់ដាក់បាស សូឡាចំនួនដប់ប្រាំពីរគ្រាប់ បង្គោលភ្លើងសូឡាចំនួនប្រាំ បង្គោលភ្លើងចំនួនប្រាំបួន ខ្សែភ្លើងប្រវែង៣០០ម៉ែត្រ បង្គោលភ្លើងហ្វាចំនួនពីរ អំពូលភ្លើងហ្វាចំនួនពីរ ដែលថវិកាទាំងអស់បាន ពីសប្បុរសជនចាប់ពីការរៀបចំសង្ក្រាន្តគិតមកដល់ពេលនេះតាមរយៈគណៈកម្មការសង្ក្រាន្តវត្តព្រហារចារសមានចំនួនប្រមាណជិត៣០លានរៀល៕