ឥទ្ធិពលព្យុះសង្ឃរា Melissa បានបំផ្លាញផ្ទះសម្បែងប្រជាជន នៅក្នុងប្រទេសគុយបា ចាម៉ៃកា និងហៃទីដោយមនុស្ស២៥នាក់ ស្លាប់និង១១.៦០០នាក់ស្ថិតក្នុងជម្រកបណ្តោះអាសន្ន 

អាជ្ញាធរហៃទីបាននិយាយថា ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសបានកើនឡើងដល់ ២៥ នាក់ និង១៨ នាក់បាត់ខ្លួន បន្ទាប់ពីការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះសង្ឃរា Melissa ។ មន្ត្រីបាននិយាយថា មនុស្សភាគច្រើនដែលស្លាបនិងបាត់ខ្លួននោះគឺស្ថិតនៅក្នុងទីក្រុង Petit-Goâve ភាគខាងត្បូងនៃតំបន់ឆ្នេរសមុទ្រ និងជាទីកន្លែងដែលព្យុះសង្ឃរាបានបោកបក់បំផ្លាញផ្ទះចំនួន៨០ខ្នង និងជាង ១៦០ ខ្នងនៅតំបន់ផ្សេងទៀត។ កាលពីព្រឹកថ្ងៃពុធនោះដែរ ទន្លេដែលស្ថិតនៅខាងលើនៃទីក្រុង Petit-Goâve បានហៀរហូរចេញដោយទឹកភក់ និងកម្ទេចកម្ទីសង្កត់មកលើផ្ទះប្រជាជនមួយចំនួន។ លោក Steven Guadard បាននិយាយថា គ្រោះធម្មជាតិនេះបានធ្វើឲ្យគាត់បាត់បង់កូនចំនួន៤នាក់ ដោយកូនពៅរបស់លោកមានអាយុត្រឹមតែមួយខែប៉ុណ្ណោះ។ មន្ត្រីបានព្រមានថា ជនរងគ្រោះជាជនពិការមានចំនួន ១៥២ នាក់នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសហៃទីត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។ អាជ្ញាធរបានបន្ថែមថា មនុស្សជាង ១១.៦០០នាក់ នៅតែស្ថិតនៅក្នុងជម្រកតង់បណ្តោះអាសន្នដោយសារតែឥទ្ធិពលនៃព្យុះ Melissa។ លើសពីនេះដែរព្យុះសង្ឃរា Melissa បានបន្សល់ទុកនូវសពមនុស្សរាប់សិបនាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសគុយបា ប្រទេសហៃទី និងចាម៉ៃកា ដែលភាគច្រើនមានផ្ទះប្រជាជនគ្មានដំបូល រឹងមាំ ផ្តួលបង្គោលភ្លើង ពន្លិចភូមិឋាននានា។ នាយករដ្ឋមន្ត្រីចាម៉ៃកា លោក Andrew Holness បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបុគ្គលិកនានាកំពុងធ្វើការងារយ៉ាងសកម្មដើម្បីជួយសង្គ្រោះមនុស្ស និងនាំមកកាន់កន្លែងសង្រ្គោះឲ្យបានឆាប់បំផុត។ លោកបានមានប្រសាសន៍ថាទំហំនៃការខូចខាត និង ការងារស្តារឡើងវិញបន្ទាប់ពីព្យុះសង្ឃរានេះទៅ រដ្ឋត្រូវការពេលវេលានិងថវិកាច្រើនណាស់។ ចំណែកមន្ត្រីនៅក្នុងទីក្រុង Black River ប្រទេសចាម៉ៃការ ដែលជាទីក្រុងឆ្នេរសមុទ្រមានប្រជាជនប្រហែលជា៥០០០នាក់រស់នៅលើកោះ បានស្នើអង្វរសុំជំនួយពីសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ