ឥណ្ឌានិងប៉ាគីស្ថានសម្រេចប្រយុទ្ធគ្នាដោយគ្រាប់ផ្លោង-គ្រាប់កាំភ្លើងធំពេញមួយយប់បណ្តាលឲ្យជនស៊ីវិលតាមព្រំដែនរបួស និង ស្លាប់ជាច្រើននាក់

ទាហានឥណ្ឌា និងប៉ាគីស្ថានបានសងសឹកគ្នាទៅវិញទៅមកជាមួយ នឹងសកម្មភាពបាញ់គ្រាប់ផ្លោង និងកាំភ្លើងធំដាក់គ្នាយ៉ាងសន្ធឹកសន្ធាប់ នៅទូទាំងតំបន់ព្រំដែនរបស់ពួកគេគឺតំបន់ជម្លោះកាស្មៀរពេញមួយយប់មិញនេះ ដោយបានសម្លាប់ជនស៊ីវិល៥នាក់បន្ថែមទៀត និងចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗដោយយោធាតាមព្រំដែនបន្ទាប់ពីមានករណីវាយប្រហារលើភ្ញៀវទេសចរឥណ្ឌានៅក្នុងតំបន់ជម្លោះដែលគ្រប់គ្រងដោយឥណ្ឌានោះ។ នៅក្នុងប្រទេសប៉ាគីស្ថានវិញស្នូរកាំភ្លើងធំលាន់ឮខុសពីធម្មតាបានធ្វើឱ្យជនស៊ីវិល៤នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសនៅតំបន់ ក្បែរបន្ទាត់ក្រោមការគ្រប់គ្រងរបស់ខ្លួននៅកាស្មៀរ។ មន្ត្រីប៉ូលិសក្នុងតំបន់លោក Adeel Ahmad បាននិយាយថាប្រជាជននៅតាមទីប្រជុំជនជាប់ព្រំដែននិយាយថាហេតុការណ៍បាញ់គ្នាបានបន្តល្អរហូតដល់ព្រឹកថ្ងៃសុក្រនេះ។ ហើយកាលពីម្សិលមិញដែរ មន្ត្រីយោធាជាន់ខ្ពស់ជាស្រ្តីឥណ្ឌាម្នាក់បានរំលឹកឡើងវិញថា រដ្ឋាភិបាលរបស់នាងមានសិទ្ធិសងសឹកប៉ាគីស្ថាន ដោយចោទប្រកាន់ប្រទេសជិតខាងថាបានប៉ុនប៉ងវាយប្រហារគោលដៅយោធាមួយចំនួននៅភាគខាងជើង និងខាងលិចប្រទេសឥណ្ឌាដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរួចហើយដែរ។ ចំណែកលោកស្រីមេបញ្ជាការ Wing Vyomika Singh បាននិយាយថា ឥណ្ឌាបានកំណត់គោលដៅលើរ៉ាដា និងប្រព័ន្ធការពារដែនអាកាសនៅទីតាំងមួយចំនួនក្នុងប្រទេសប៉ាគីស្ថាន ហើយការឆ្លើយតបរបស់វាមាននៅក្នុងដែនសមត្ថកិច្ចដូចគ្នាជាមួយនឹងអាំងតង់ស៊ីតេដូចគ្នាជាមួយប៉ាគីស្ថានដែរ។ ភាពតានតឹងកាលពីម្សិលមិញកើតឡើងបន្ទាប់ពីមន្ត្រីប៉ាគីស្ថានបាននិយាយថាកាំជ្រួចរបស់ឥណ្ឌាដែលវាយប្រហារទីតាំងជាច្រើនក្នុងប្រទេសប៉ាគីស្ថានដោយបានសម្លាប់ជនស៊ីវិល៣១នាក់ ដូច្នេះទើបពួកគេត្រូវតែសងសឹកបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌាចោលជាច្រើនគ្រឿង ប៉ុន្តែគ្មានការបញ្ជាក់ពីភាគីឥណ្ឌានោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ