ឥណ្ឌាដាក់ផែនការចុះបញ្ជីរថយន្តអគ្គិសនីឱ្យបានច្រើនបំផុតក្នុងឆ្នាំ២០២៧! ដើម្បីកាត់បន្ថយចំណាយលើប្រេងសាំង បន្ថយការបំពុលខ្យល់ពីអ្នកប្រើប្រាស់យានយន្តសរុបជាង៨.៧លានគ្រឿងនៅ Delhi

នៅក្នុងសង្កាត់ដ៏សម្បូរបែបមួយក្នុងទីក្រុងដេលី ស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅជិតតំបន់ផ្សារទំនើបដ៏ពេញនិយមកំពុងមមាញឹកយ៉ាងខ្លាំងជាមួយអ្នកបើកបរដែលបានមកបញ្ចូលថាមពលអគ្គិសនី ដល់ម៉ូតូស្កូតតឺ រថយន្តដឹកទំនិញ និងរថយន្តប្រើប្រាស់ធម្មតារបស់ពួកគេ។ អ្នកបើកបររថយន្តអគ្គិសនីបាននិយាយថា រដ្ឋធានីរបស់ប្រទេសឥណ្ឌាពេលនេះកំពុងត្រូវការកន្លែងសាកថ្មបន្ថែមទៀត ដើម្បីអនុវត្តផែនការដ៏មហិច្ឆតាមួយសម្រាប់បញ្ឈប់ការប្រើប្រាស់យានយន្តប្រើសាំងនៅក្នុងទីក្រុង ក្នុងចំណោមទីក្រុងដែលមានការបំពុលបរិយាកាសបំផុតរបស់ពិភពលោក។ លោក Shyam Singh ជាប្រធានប្រតិបត្តិផ្នែកទីផ្សារ និងជាម្ចាស់ម៉ូតូស្កូតឺអគ្គិសនី បាននិយាយថា “អស់រយៈពេលបីឆ្នាំកន្លងមកនេះ ខ្ញុំមិនបានឈរតម្រង់ជួរ ឬបង់ប្រាក់សម្រាប់ទិញសាំងចាក់នោះទេ។ សាំងកាន់តែថ្លៃនៅក្នុងសម័យកាលនេះ ដូច្នេះការសន្សំរបស់ខ្ញុំក៏បានផលដែរ ពិតជាអស្ចារ្យណាស់។ ទោះបីជាខ្ញុំសាកវានៅខាងក្រៅក៏ដោយ វាត្រូវចំណាយពេល៤៥នាទីសម្រាប់ការសាកពេញម្តងៗ ហើយវាមានតម្លៃ៣០រ៉ូពី ឬ ស្មើនឹង ០.៣១ដុល្លារប៉ុណ្ណោះ។ ខ្ញុំក៏អាចសាកវានៅផ្ទះក្នុងរយៈពេល៣ទៅ៥ម៉ោងបន្ថែមទៀត។ គ្រាន់តែផលពិបាករបស់វាសម្រាប់បើកបរផ្លូវឆ្ងាយមិនអាចទាន់ធ្វើបាន ព្រោះស្ថានីយសាកអគ្គិសនីបច្ចុប្បន្នមិនគ្រប់គ្រាន់។ «រថយន្តអគ្គិសនីមានចំណុចអវិជ្ជមានរបស់វា គឺទីមួយត្រូវតម្រង់ជួរ និង សាករយៈពេលយូរ។ ទីពីរគឺការថែទាំរថយន្ត និងទីបីគឺថាចំនួនស្ថានីយសាកថ្មមានកំណត់ ដូច្នេះទាំងនេះអាចបង្កបញ្ហាច្រើនដែរ។ ទីក្រុងដេលីរបស់ឥណ្ឌាបានអនុម័តគោលនយោបាយថ្មីមួយនៅថ្ងៃទី១ ខែកក្កដា ក្នុងគោលបំណងធ្វើឱ្យរថយន្តភាគច្រើនដែលទើបចុះបញ្ជីថ្មីក្លាយជារថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ ២០២៧។ ខណៈដែលរថយន្តដែលដំណើរការដោយហ្គាសដែលមានស្រាប់នឹងមិនត្រូវបានហាមឃាត់ ហើយចំនួនរបស់វា ត្រូវបានគេរំពឹងថានឹងថយចុះនៅក្នុងឆ្នាំខាងមុខទៀត។ អ្នកជំនាញថាមពលនិយាយថា ផែនការនេះគឺជាគោលនយោបាយបង្កើនរថយន្តអគ្គិសនីដ៏មហិច្ឆតាបំផុតមួយរបស់ប្រទេសដ៏ធំមួយនេះ និងជាជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកការកែលម្អគុណភាពខ្យល់ និងកាត់បន្ថយការបំពុលបរិយាកាស។ គោលនយោបាយនេះផ្តល់ជូនអ្នកទិញរថយន្តអគ្គិសនីនូវធនឧបត្ថម្ភ និងការលើកលែងលើថ្លៃចុះបញ្ជី និងពន្ធផ្លូវមួយចំនួនដែរ រួមជាមួយនឹងការលើកទឹកចិត្តដល់ការបោះចោលរថយន្តដែលប្រើហ្គាស ហើយផ្តល់ជូននូវផែនការដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មបន្ថែម។ ចាប់ផ្តើមពីឆ្នាំ ២០២៧ រ៉ូម៉កកង់បី និងរថយន្តដឹកទំនិញតូចៗដែលទើបចុះបញ្ជីថ្មីៗត្រូវតែជារថយន្តអគ្គិសនីទាំងអស់ ដោយម៉ូតូកង់ពីរ នឹងធ្វើនៅឆ្នាំបន្ទាប់។ បច្ចុប្បន្ននេះការប្រើប្រាស់ប្រភេទរថយន្តអគ្គិសនីមានត្រឹមតែ ៥% ប៉ុណ្ណោះ នៃរថយន្តសរុបជាង ៨.៧លានគ្រឿងដែលបានចុះបញ្ជីនៅទីក្រុងដេលី ប៉ុន្តែការចុះបញ្ជីរថយន្តអគ្គិសនីបានកើនឡើងគួរឲ្យកត់សំគាល់ ដោយមានយានយន្តជាង១០ម៉ឺនគ្រឿងក្នុងឆ្នាំកន្លងមក ដែលភាគច្រើនជាប្រភេទម៉ូតូ និង រ៉ឺម៉កកង់បី៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ