ឥណ្ឌាជួយបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងកម្ពុជាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុង Palasamudran ប្រទេសឥណ្ឌា

រាជធានីភ្នំពេញ: ទទួលបានការអនុញ្ញាតពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមន្ត្រីវ័យក្មេងចំនួន២០រូប ត្រូវបានចាកចេញពីកម្ពុជាហើយនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នៅទីក្រុង Palasamudran ប្រទេសឥណ្ឌា ។

លោក សំរឹទ្ធិ ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានដឹកនាំ បានជម្រាបឲ្យដឹងថាមុនចាកចេញថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ គឺជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌាក្នុងគម្រោងបណ្ដុះបណ្ដាលមន្ត្រីកម្ពុជានៅលើទឹកដីឥណ្ឌា ដែលមានរយៈពេល១១ថ្ងៃគឺចាប់ថ្ងៃទី១៨-២៩ ខែសីហា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រាបឲ្យដឹងផងដែរថា វគ្គបណ្ដុះបណ្ដាលនេះគឺជាលើកទី២ របស់សាធារណៈរដ្ឋឥណ្ឌា ក្នុងរយៈកាល០៥ឆ្នាំចុងក្រោយនេះសម្រាប់មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលលើកទី១ គឺផ្តោតការងារព្យាបាលអ្នកញៀនគ្រឿងញៀន ដែលប្រព្រឹត្តធ្វើនៅទីក្រុងញូវឌាលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ០៣-១១ ខែកុម្ភៈ​ ឆ្នាំ២០១៩។