អ.វ.ត.ក. ផ្ដល់ជូនឧបករណ៍ផ្ទុកទិន្នន័យឌីជីថល និងសម្ភារៈរក្សាទុកឯកសារដល់បណ្ណសារដ្ឋានជាតិកម្ពុជា

ភ្នំពេញ – នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានប្រគល់ជូន ឧបករណ៍ផ្ទុកទិន្នន័យឌីជីថល Solid State Drive (SSD) ដែលមានផ្ទុកកំណត់ត្រា
ឌីជីថល និងប្រអប់ផ្ទុកឯកសារគ្មានជាតិអាស៊ីត ជូនដល់បណ្ណសារដ្ឋានជាតិកម្ពុជាដើម្បីរក្សាទុក
ឯកសារ។ ការប្រគល់ជូន នេះធ្វើឡើងបន្ទាប់ពីក្រុមការងារផ្នែកកំណត់ត្រានិងបណ្ណសាររបស់ អ.វ.ត.ក. បានជួយស្កេន ឯកសារសំខាន់ៗចំនួនពីរ ដើម្បីធ្វើជាទម្រង់ឌីជីថល។
ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានលើកឡើងថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វីស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការ
អនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្រុមការងារផ្នែកបណ្ណសារដ្ឋាន អ.វ.ត.ក.បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបណ្ណសារដ្ឋានជាតិដើម្បីរៀបចំការងារទុកដាក់ឯកសារដែលទាក់ទងនឹងរបបខ្មែរក្រហម។ ឯកឧត្តមបានបញ្ជាក់ថា អ.វ.ត.ក. មានសេចក្តីរីករាយក្នុងការរៀបចំឯកសារនានាដែលទាក់ទងនឹងរបបខ្មែរក្រហម ឱ្យមានជាទម្រង់ឌីជីថល។
ឯកឧត្តមប្រធានរដ្ឋបាលស្តីទី បានពន្យល់លម្អិតបន្ថែមទៀតអំពីអាណត្តិក្នុងដំណាក់កាលសេសសល់របស់ អ.វ.ត.ក. ថា៖ “ក្នុងនាមជាផ្នែកមួយនៃអាណត្តិរបស់ អ.វ.ត.ក. ក្នុងអំឡុង ដំណាក់កាលសេសសល់ យើងបន្តផ្តល់អាទិភាពដល់សកម្មភាពនានាដែលជួយក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន ដើម្បីរក្សាទុក និងលើកកម្ពស់កេរដំណែលរបស់តុលាការ។ ដោយយោងតាមការប្តេជ្ញាចិត្តនេះ ក្រុមការងារអ.វ.ត.ក. បានស្កេនឯកសារទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យអ្នកជំនាញ និងសាធារណជនទូទៅអាចចូលមើលជាឌីជីថលបាន។ អ.វ.ត.ក. សង្ឃឹមថា សម្ភារៈទាំងនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់ការស្រាវជ្រាវនិងសកម្មភាពយុត្តិធម៌អន្តរកាលដែលបង្កើនការយល់ដឹងអំពីរបបខ្មែរក្រហម និងធានាបាននូវសន្តិភាពប្រកបដោយចីរភាព ”។
លោក ម៉ម ចាន់ អគ្គនាយករង និងជាប្រធានស្តីទីនាយកដ្ឋានបណ្ណសារដ្ឋានជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ.វ.ត.ក. ដែលបានផ្តល់ច្បាប់ចម្លងឌីជីថលនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យ និងសម្ភារៈរក្សាទុកឯកសារ គ្មានជាតិអាស៊ីតចំនួន ៥០ប្រអប់នៅពេលនេះ។ លោកបានធានាថា ឯកសារទាំងនោះនឹងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវសម្រាប់គោលបំណងសិក្សា និងស្រាវជ្រាវ ដោយធានាបាននូវ ការរក្សាទុក និងការចូលប្រើប្រាស់រយៈពេលវែង។
សូមបញ្ជាក់ថា ដោយយល់ឃើញអំពីភាពចាំបាច់ សារៈសំខាន់ និងភាពចាស់រេចរិលនៃឯកសារ និងដើម្បីបម្រើ ជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវដល់សាធារណៈជនឱ្យបានកាន់តែងាយស្រួល និងឆាប់រហ័ស អ.វ.ត.ក. បានសហការជួយដល់បណ្ណាសារដ្ឋានជាតិកម្ពុជាទៅលើឯកសារនេះរួមមាន បានស្កេនបណ្ណុំឯកសារចំនួនពីរគឺទីមួយ៖ឯកសារតុលាការប្រជាជនបដិវត្តន៍ឆ្នាំ១៩៧៩ ចំនួន ៧ប្រអប់ និងទី២៖ឯកសារពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ ១៩៧៦-១៩៧៨ ចំនួន ១៦ប្រអប់ ជាសរុបមានចំនួន ២៧,៨៦៩ ទំព័រ។ បន្ថែមពីនេះអ.វ.ត.ក. បានប្រគល់ជូនឧបករណ៍ផ្ទុកទិន្នន័យចល័ត (SSD)មួយ ដែលមានផ្ទុកឯកសារទាំងអស់ដែលបានស្កេន រួចរាល់ព្រមទាំងផ្តល់ប្រអប់ដាក់ឯកសារដែលគ្មានជាតិអាស៊ីត ចំនួន ៥០ប្រអប់ ដើម្បីរក្សាទុកបណ្តុំ ឯកសារខាងលើឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។
បណ្ណសារទាំងពីរនេះបង្ហាញពីទិដ្ឋភាពសំខាន់ៗនៃប្រវត្តិសាស្ត្រក្នុងរបបខ្មែរក្រហម ដែលមិនមាននៅក្នុងឯកសារផ្សេងទៀតពីមុនមក។ ព័ត៌មានពិតនិងត្រឹមត្រូវទាំងអស់ដែលមាននៅក្នុងបណ្ណសារ គឺមានតម្លៃខ្ពស់សម្រាប់ការបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រត្រឹមត្រូវ និងបន្តការស្រាវជ្រាវនានាដែលពាក់ព័ន្ធ។