អ្វីៗប្រែប្រួលយ៉ាងឆាប់! ម្សិលមិញទីផ្សារភាគហ៊ុនសកលហក់ឡើងខ្ពស់ដោយសារបទឈប់បាញ់រវាងអាម៉េរិកនិងអ៊ីរ៉ង់ និងសន្យាបើកច្រក Hormuz ថ្ងៃនេះសន្ទស្សន៍ភាគហ៊ុនធ្លាក់ចុះដោយសារអ៊ីរ៉ង់បិទវិញដែរ

កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានស៊ីអារម្មណ៍ទីផ្សារសកលយ៉ាងខ្លាំងក្លា ដោយវាបានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកកើនឡើងយ៉ាងខ្លាំងកាលពីម្សិលមិញ ខណៈពេលដែលភាគហ៊ុនតៃវ៉ាន់ក៏បានហក់ឡើងដែរ។ នៅ Wall Street វិញក្រុមវិនិយោគិនបានស្វាគមន៍សាទរចំពោះស្ថានការបន្ធូរបន្ថយពីភាពតានតឹងភូមិសាស្ត្រនយោបាយបន្ទាប់ពីការប្រែប្រួលជាច្រើនសប្តាហ៍ដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។ ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីមានព័ត៌មានអំពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍បណ្តោះអាសន្ន ប៉ុន្តែស្រាប់តែវាត្រូវរង្គោះរង្គើវិញ ទាក់ទងនឹងការបើកនិងបិទច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងសកលដ៏សំខាន់មួយ ដែលអាចជួយបន្ធូរបន្ថយការភ័យខ្លាចពីការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទីផ្សារកូរ៉េខាងត្បូងបានបើកដំណើរការក្នុងសន្ទស្សន៍ទាប ដោយសារតែភាពមិនប្រាកដប្រជាជុំវិញបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នៅពេលបើក សន្ទស្សន៍ KOSPI របស់កូរ៉េខាងត្បូងបានធ្លាក់ចុះមកត្រឹម ៥៨២៦.៤៥ហ៊ុន ដែលវាបានថយចុះ ០.៧៨% ពីចំណុចបិទកាលពីថ្ងៃពុធម្សិលមិញ។ អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានយល់ព្រមគ្នាលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលជាកិច្ចព្រមព្រៀងរយៈពេល១១ម៉ោង ដែលជាការទប់ស្កាត់នូវស្ថានភាពគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់បញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកដែលនឹងបំផ្លាញអរិយធម៌អ៊ីរ៉ង់ដែរ។ គ្រប់ភាគីទាំងអស់បានបង្ហាញពីការផ្លាស់ប្តូរខុសៗគ្នាយ៉ាងខ្លាំងនៃលក្ខខណ្ឌរបស់ពួកគេ។ អ៊ីរ៉ង់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យខ្លួនធ្វើការអនុវត្តថ្មីដើម្បីបញ្ចូលថាមពលដល់បណ្តាកប៉ាល់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ជាផ្លូវការ។ ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump វិញបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយអ៊ីរ៉ង់ដើម្បីយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ចេញពីក្រោមដីនោះចេញមកក្រៅ ទោះបីជាអ៊ីរ៉ង់មិនបានបញ្ជាក់រឿងនោះក៏ដោយ។ ប៉ុន្តែជាអកុសល្យអ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀតនៅយប់ថ្ងៃពុធនេះ ដោយភាពខឹងសម្បារជាមួយអ៊ីស្រាអែល និងដើម្បីឆ្លើយតបទៅនឹងទង្វើដែលអ៊ីស្រាអែលបានវាយប្រហារនៅទីក្រុងបៃរ៉ូតប្រទេសលីបង់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អ៊ីរ៉ង់៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ