អ្នកឧកញ៉ា គិត ម៉េង ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីអាហ្រិកខាងត្បូង ក្នុងកិច្ចប្រជ៉ំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម Cyril Ramaphosa ប្រធានាធិបតីអាហ្រិកខាងត្បូង ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ មានការចូលរួមពីបណ្តាមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បណ្តាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន វិស័យឯកជន ទាំងតំបន់អាស៊ាន និងពិភពលោក ។
នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ៖ «រួបរួមទីផ្សារដើម្បីវិបុលភាពរួម» (Unifying Markets for Shared Prosperity) ។ មូលបទនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច និង ពង្រឹងគោលជំហរឲ្យកាន់តែរឹងមាំ លូតលាស់លឿន និង ក្លាយជាប្លុកឆ្ពោះទៅមុខ។ កិច្ចប្រជុំកំពូលក៏បានផ្តោតសំខាន់លើការជជែកពិភាក្សាអំពីការពង្រឹងកិច្ចសហការរវាងធុរកិច្ចនិងធុរកិច្ច , ការជំរុញអត្តសញ្ញាណអាស៊ាន, ការគាំទ្រដល់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម, កាលានុវត្តភាពសមធម៌ និងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយបរិយាប័ន្ន។



