អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមជំនួបពិភាក្សាអាមេរិក-អាស៊ាន នៅម៉ាឡេស៊ី

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមជំនួបពិភាក្សាអាមេរិក-អាស៊ាន (US-ASEAN connect series 2025) ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៥ នារសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ជំនួបពិភាក្សានេះផ្តោតលើ ទី១. បរិវត្តកម្មឌីជីថល៖ កាលានុវត្តភាព និងការប្រឈម រួមមាន ការពិភាក្សាលើផែនការសកម្មភាពស្តីពីបញ្ញាសុប្បនិម្មិតអាស៊ាន (ASEAN AI Action Plan) និងកម្មវិធីនាំចេញបញ្ញាសុប្បនិម្មិតអាមេរិក (U.S. AI Export Program)។ ២. យុទ្ធសាស្ត្រពង្រឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយផ្តោតជាសំខាន់លើវិស័យធនធានរ៉ែនិងថាមពល។ ៣. ការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមានដូចជាការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដើម្បីជួយបង្កើនទីផ្សារសម្រាប់ធុរកិច្ច។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ៖ «រួបរួមទីផ្សារដើម្បីវិបុលភាពរួម» (Unifying Markets for Shared Prosperity) ។ មូលបទនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច និង ពង្រឹងគោលជំហរឲ្យកាន់តែរឹងមាំ លូតលាស់លឿន និង ក្លាយជាតំបន់ឆ្ពោះទៅមុខ៕