អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ៖ «រួបរួមទីផ្សារដើម្បីវិបុលភាពរួម» (Unifying Markets for Shared Prosperity) ។

មូលបទនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច និង ពង្រឹងគោលជំហរឲ្យកាន់តែរឹងមាំ លូតលាស់លឿន និង ក្លាយជាប្លុកឆ្ពោះទៅមុខ។

កិច្ចប្រជុំកំពូលនេះ បានផ្តោតសំខាន់លើការជជែកពិភាក្សាអំពីការពង្រឹងកិច្ចសហការរវាងធុរកិច្ចនិងធុរកិច្ច , ការជំរុញអត្តសញ្ញាណអាស៊ាន, ការគាំទ្រដល់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម, កាលានុវត្តភាពសមធម៌ និងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយបរិយាប័ន្ន។

ក្រៅពីនេះ ក៏មានការលើកយកបញ្ហាប្រឈមផ្នែកបទបញ្ញត្តិ និងកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការសហការគ្នាដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវបញ្ញាសុប្បនិម្មិត្តអាស៊ានផងដែរ។

សូមជម្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ គណៈប្រតិភូសភាពាណិជ្ជកម្ម កម្ពុជាក៏នឹងអញ្ជើញ ចូលរួម កិច្ច ពិភាក្សា និង ជំនួប ពាណិជ្ជ កម្ម ផ្សេង ទៀត ដើម្បីជំរុញទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចក្នុងអាស៊ានផងដែរ៕