អ្នកសារព័ត៌មានអន្តរជាតិសរុប២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam ដោយសមត្ថកិច្ចកម្ពុជាដើម្បីផ្សព្វផ្សាយជាអន្តរជាតិ
ភ្នំពេញ៖ អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ករណីសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នៅទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ រហូតដល់អាចឈានដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញប្រាប់អ្នកសាព័ត៌មាននៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត ២៧ នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL in One ៨៩ គ្រឿង, Monitor ១ គ្រឿង CPU ០១ គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤ គ្រឿង ខណៈសម្ភារៈទាំងនោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ចចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការអនុវត្តនីតិវិធីជាបន្តបន្ទាប់។
ការចុះបង្ក្រាបនេះធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង ដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍ និងពិនិត្យនៅទីតាំងផ្ទាល់របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅប្រទេសផ្សេងៗ ក្រោមរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ និងការលួងលោមបែបស្នេហា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន និងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោកអនឡាញ យ៉ាងសកម្ម និងជាប់ជាប្រចាំ ដោយបានបង្រ្កាបទីតាំងសរុបចំនួន៦៥ករណី/ទីតាំង គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ។ ក្នុងការបង្រ្កាបទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ៨៨៧ នាក់ (ស្ត្រី ២៣៣ នាក់)។ ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ មានជនជាតិបរទេសពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន ៥៥នាក់ មាន ១៦សញ្ជាតិផ្សេងគ្នា។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួក ដើម្បីគាំទ្រដល់ដំណើរការក្នុងនីតិវិធីតុលាការ ខណៈចំពោះករណីផ្សេងទៀត សមត្ថកិច្ចរាជធានីបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជំនាញពាក់ព័ន្ធដើម្បីអនុវត្តនីតិវិធីបន្ត រួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕



