អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូណេស៊ីកំពុងរង់ចាំប្រតិបត្តិការជម្លៀសពួកគេចេញ និងរាប់ពាន់នាក់ផ្សេងទៀតសង្ឃឹមលើជំនួយមកដល់ឆាប់ៗ

ប្រជាជនកំពុងរង់ចាំជំនួយនៅភាគខាងជើងនៃតំបន់ Lamba Leda ក្នុងខេត្ត Nusa Tenggara នៅថ្ងៃអង្គារនេះ ក្រោយពី ប៉ុន្មានថ្ងៃនៃគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំង សម្លាប់មនុស្សឈានដល់៦៨នាក់ របួសជាង២០០នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង។ ប្រជាពលរដ្ឋជាច្រើននៅខេត្ត Nusa Tenggara បានចំណា យពេលពេញមួយថ្ងៃដើម្បីកាន់ទុក្ខជនរងគ្រោះ មនុស្ស ជាទីស្រលាញ់របស់ពួកគេ ខណៈដែលក្រុមយោធាបានព្យាយាមដឹកជញ្ជូនអាហារ ទឹកស្អាត និងសម្លៀកបំពាក់ទៅកាន់សហ គមន៍ដែលមិនអាចចូលទៅដល់បានតាមរយៈយន្តហោះ។ គ្រោះរញ្ជួយដីកាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្សល់នូវការខូចខាតធ្ងន់ធ្ងរ ដោយអគារបានដួលរលំលើរថយន្តដែលចតទុកចោល ផ្ទះសម្បែងបាក់បែក និងដើមឈើនិងថ្មធំៗបានធ្លាក់មកបិទផ្លូវធ្វើដំណើរ។ អំឡុងពេលនៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ខ្លួនកាលពីថ្ងៃចន្ទនេះនៅទីក្រុងហ្សាកាតា លោកប្រធានាធិបតី Prabowo Subianto បានស្នើសុំឱ្យអ្នកចូលរួមអធិស្ឋានរួមគ្នាសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយរញ្ជួយដីនៅលើកោះនៃខេត្ត Nusa Tenggara និងតំបន់ផ្សេងទៀតក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលមានការដឹកនាំរក្សាភាពស្ងប់ស្ងាត់ទូទាំងប្រទេសដើម្បីគោរពជូនដល់វីរបុរសឯករាជ្យជាតិក្នុងប្រទេសម៉ូស្លីមដ៏ធំនេះ។ ផ្ទះជាង ៤៥០០ខ្នងត្រូវខូចខាតនៅពេលដែលគ្រោះរញ្ជួយដីបានវាយប្រហារកោះ Flores កាលពីព្រឹកថ្ងៃសៅរ៍។ មនុស្សប្រហែល ១៩ពាន់នាក់ត្រូវបង្ខំខ្លួនធ្លាក់ចូលក្នុងជម្រកបណ្តោះអាសន្ន និងមនុស្ស ២១៣នាក់រងរបួស នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ។ គ្រោះមហន្តរាយនេះក៏បានបំផ្លាញមណ្ឌលសុខភាពចំនួន១២២  សាលារៀនចំនួន២៥២ និងកន្លែងគោរពបូជាចំនួន៨៤ផងដែរ។ អភិបាលខេត្តបានប្រកាសអាសន្នរយៈពេល១៤ថ្ងៃរហូតដល់ថ្ងៃអាទិត្យនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ