អ្នកផលិតសាច់ស្រស់នៅប្រទេសអាហ្សង់ទីនមើលឃើញពីសក្កានុពលនៃដំណើរការបើកចំហរទីផ្សាររបស់លោក Trump ដើម្បីនាំចូលទៅកាន់សហរដ្ឋអាមេរិក

អ្នកចិញ្ចឹមគោនៅប្រទេសអាហ្សង់ទីនបានប្រតិកម្មជាវិជ្ជមានចំពោះការបម្រុងទុកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចំពោះប្រទេសនៅអាមេរិកខាងត្បូងមួយនេះដោយរំពឹងថាកិច្ចព្រមព្រៀងនេះក៏អាចមានន័យថាជាការបង្កើនការនាំចូលសាច់គោរបស់សហរដ្ឋអាមេរិកផងដែរ។ សហរដ្ឋអាមេរិក និងអាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ២០ប៊ីលានដុល្លារ ក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសអាហ្សង់ទីនតិចជាងមួយសប្តាហ៍មុនពេលមានការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងប្រទេស។ ទន្ទឹមនឹងការប្រកាសដ៏សំខាន់នោះដែរ លោកប្រធានាធិបតី Trump ក៏បានណែនាំផងដែរថា ទីក្រុងវ៉ាស៊ីនតោនអាចចាប់ចាប់ផ្តើមនាំចូលសាច់គោអាហ្សង់ទីន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំរបស់ពួកគេ ដើម្បីកាត់បន្ថយតម្លៃសាច់សម្រាប់អ្នកប្រើប្រាស់អាមេរិក។ ការផ្លាស់ប្តូរនេះត្រូវបានស្វាគមន៍ដោយអ្នកនាំចេញអាហ្សង់ទីនថាជារបកគំហើញដ៏មានសក្តានុពលក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានការពារកញ្ចប់ជំនួយមួយនេះ ចំពេលដែលមានការរិះគន់ក្នុងស្រុកដោយនិយាយថា អាហ្សង់ទីន “កំពុងតស៊ូដើម្បីជីវិតរបស់ខ្លួនឯង” ដែលសមនឹងទទួលបានការគាំទ្រ ប្រសិនបើលោក Milei ឈ្នះការបោះឆ្នោតនាពេលខាងមុខ ហើយក៏ជាលក្ខខណ្ឌមួយដែលលោក Trump បានផ្សារភ្ជាប់ដោយបើកចំហចំពោះការបន្តជំនួយរបស់អាមេរិកដែរ។ តម្លៃសាច់គោរបស់សហរដ្ឋអាមេរិកបានឡើងថ្លៃខ្លាំងសម្រាប់ហេតុផលជាច្រើន រួមទាំងគ្រោះរាំងស្ងួត និងការកាត់បន្ថយការនាំចូលពីម៉ិកស៊ិក ដោយសារតែបញ្ហាសត្វល្អិតក្នុងសាច់ស្រស់នៅទីនោះ។ លោក Trump បានសន្យាប៉ុន្មានថ្ងៃមុនដើម្បីដោះស្រាយបញ្ហានេះដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីរក្សាអតិផរណានៅក្នុងការត្រួតពិនិត្យជាបន្តបន្ទាប់។ កិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន បានពង្រឹងទុនបម្រុងរបស់ធនាគារកណ្តាលអាហ្សង់ទីន ខណៈដែលរដ្ឋបាលរបស់លោក Milei ប្រឈមនឹងសម្ពាធពីអ្នកវិនិយោគ ចំពោះស្ថានភាពបំណុលឡើងខ្ពស់ក្នុងប្រទេស និងការប្រែប្រួលរូបិយប័ណ្ណជាប់រហូតមក។ ទោះបីជាមានការប្រកាសក៏ដោយ ប្រាក់ប៉េសូរបស់អាហ្សង់ទីនបានបន្តធ្លាក់ចុះ ហើយមូលបត្របំណុលក្នុងស្រុកក៏ជួបបញ្ហាច្រើនដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ