អ្នកនាំពាក្យយោធាអ៊ីស្រាអែលបញ្ជាក់ថាការប្រើប្រាស់មីស៊ីលចង្កោមរបស់អ៊ីរ៉ង់ដើម្បីកំណត់គោលដៅទៅលើមជ្ឈមណ្ឌលប្រជាជនគឺជា«ឧក្រិដ្ឋកម្មសង្គ្រាម»

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Effie Defrin បាននិយាយថា អ៊ីរ៉ង់កំពុងប្រើប្រាស់មីស៊ីលចង្កោម ដែលលោកបានបញ្ជាក់ថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ប្រសិនបើពួកគេកំណត់គោលដៅទៅលើមជ្ឈមណ្ឌលប្រជាជនរស់នៅនោះ។ “យើងមានប្រព័ន្ធការពារដែនអាកាស ហើយខ្ញុំអាចនិយាយបានថា ពួកវាស្ថិតក្នុងចំណោមប្រព័ន្ធល្អបំផុតមួយនៅលើពិភពលោក។ អ្វីទាំងអស់នេះត្រូវបានបង្ហាញឱ្យឃើញ ប៉ុន្តែជាអកុសល ការការពារមិនអាចធ្វើទៅបានភ្លាមៗ។ យើងបានប្រើប្រព័ន្ធរបស់យើងដើម្បីស្ទាក់ចាប់មីស៊ីលទាំងនោះ។ ហើយមីស៊ីលចង្កោមរបស់អ៊ីរ៉ង់ដែលប្រើ គឺជាប្រភេទអាវុធឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើរបបភេរវករនេះកំណត់គោលដៅទៅលើទីតាំងនៃមជ្ឈមណ្ឌលប្រជាជនរស់នៅ។ វាមិនមានភាពខុសគ្នាពីមីស៊ីលធម្មតានោះទេ លើកលែងតែវាមានសភាពបែកខ្ចាត់ខ្ចាយ និងរ៉ាយប៉ាយបានច្រើនជាងមីស៊ីលធម្មតា”  នេះជាអ្វីដែលលោក Defrin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូដែលថតនៅទីក្រុង Tel Aviv (តែល អាវីវ)។ អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា អ៊ីស្រាអែលបានសម្លាប់លោក Ismail Khatib ក៏ដូចជាមេដឹកនាំយោធា Hezbollah ម្នាក់នៅលីបង់ដែរ។ ហើយកងទ័ពអ៊ីស្រាអែលមិនមានវត្តមាននៅក្នុងច្រកសមុទ្រ Hormuz នោះទេ។ អ៊ីស្រាអែលបានបន្តយុទ្ធនាការរបស់ខ្លួនក្នុងការកំណត់គោលដៅលើមេដឹកនាំអ៊ីរ៉ង់កាលពីថ្ងៃពុធនេះ ដោយនិយាយថាខ្លួនបានសម្លាប់រដ្ឋមន្ត្រីចារកម្មរបស់ប្រទេសនេះរួចហើយ ហើយវាលឧស្ម័នធម្មជាតិនៅឯនាយសមុទ្ររបស់អ៊ីរ៉ង់ក៏ត្រូវបានវាយប្រហារដែរ ដែលវាជាសញ្ញានៃសម្ពាធកាន់តែខ្លាំងឡើងនៃសង្គ្រាមពីភាគីទាំងពីរ – លើសរសៃឈាមសេដ្ឋកិច្ចរបស់តំបន់ដែលសំដៅលើថាមពលអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញក៏បានវាយប្រហារទៅលើរោងចក្រថាមពលរបស់ប្រទេសជិតខាងនៃឈូងសមុទ្រអារ៉ាប់ដែរ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយបានធ្វើឱ្យច្រកសមុទ្រហ័រមូស – ដែលមានប្រេង១ភាគ៥ដែលធ្វើចរាចរណ៍សម្រាប់ផ្គត់ផ្គង់ដល់ពិភពលោកក៏ជាប់គាំងដែរ ដោយវាស្ទើរតែគ្មាននាវាណាមួយអាចឆ្លងកាត់បាន ក្រៅពីសម្ព័ន្ធមិត្តអ៊ីរ៉ង់។ នៅប្រទេសលីបង់ អ៊ីស្រាអែលបានរក្សាសម្ពាធយ៉ាងខ្លាំងដោយផ្តោតសំខាន់លើក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដែលការវាយប្រហារតាមអគារផ្ទះល្វែងជាច្រើននៅទីក្រុងបៃរូត និងសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់។ ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យប្រជាជនលីបង់ជាង១លាននាក់ត្រូវបានផ្លាស់ទីលំនៅ ដែលស្មើនឹងប្រហែលជា២០% នៃចំនួនប្រជាជនសរុប នេះបើយោងតាមរដ្ឋាភិបាលលីបង់ ដែលនិយាយ និង បញ្ជក់ថាមានមនុស្ស ៩១២ ត្រូវសម្លាប់ និង២២២១នាក់រងរបួស។ ហើយនៅអ៊ីស្រាអែលវិញមានមនុស្ស ១៤នាក់ត្រូវស្លាប់ ដោយការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ហើយយ៉ាងហោចណាស់សមាជិកយោធាអាមេរិក ១៣ នាក់ត្រូវស្លាប់ដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ