អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថាមានគោលដៅជាង២៥០កន្លែងដែលខ្លួនបានវាយប្រហារទៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកឧត្តមសេនីយ Effie Defrin បាននិយាយកាលពីថ្ងៃអាទិត្យនេះថាកងទ័ពកំពុងបន្តធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយលោកថា វាបានវាយប្រហារគោលដៅជាង២៥០កន្លែងនៅទូទាំងប្រទេស។ លោកបាននិយាយទៀតថា គោលដៅរបស់កងទ័ពពេញមួយយប់កាលពីថ្ងៃសៅរ៍កន្លងមក រួមមានទីស្នាក់ការកណ្តាលនៃគម្រោងនុយក្លេអ៊ែរនៅទីក្រុង Tehran (SPND) កន្លែងអភិវឌ្ឍន៍និងស្រាវជ្រាវសម្រាប់ផលិតវត្ថុធាតុដើម មន្ទីរពិសោធន៍សម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងឃ្លាំងឥន្ធនៈនៅជិតទីក្រុង Tehran ដែលលោកបាននិយាយថាជាទីតាំងផ្គត់ផ្គង់ឧស្សាហកម្មយោធាអ៊ីរ៉ង់ដែរ។ លោកបាននិយាយថា កាំជ្រួចប្រហែល៦០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានគេបាញ់បង្ហោះពេញមួយយប់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលពីប្រទេសអ៊ីរ៉ង់ក៏ដូចជាពីប្រទេសយេម៉ែន ដោយការវាយប្រហារភាគច្រើនសំដៅទៅលើ “សង្កាត់ជាបេះដូងរបស់ជនស៊ីវិល”។ លោកបាននិយាយថា អំឡុងពេលនៃការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍នោះ កងកម្លាំងអាកាសអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារលើទីក្រុង Sana’a (សាណាអា)ប្រទេសយេម៉ែន ហើយថានៅពេលក្រោយមកទៀត កងទ័ពនឹងផ្តល់ព័ត៌មានថ្មីៗអំពីលទ្ធផលនៃការវាយប្រហារនោះ។ ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅទូទាំងប្រទេសអ៊ីរ៉ង់បានធ្វើឱ្យអ្នកដឹកនាំប្រទេសដែលនៅរស់រានមានជីវិត គឺពិបាកក្នុងការសម្រេចចិត្តថាតើស្ថានភាពនេះត្រូវធ្លាក់ចូលទៅក្នុងជម្លោះកាន់តែជ្រៅជាមួយកងកម្លាំងដ៏មានឥទ្ធិពលរបស់អ៊ីស្រាអែល ឬស្វែងរកផ្លូវការទូតដោះស្រាយវិញ។ មេដឹកនាំពិភពលោកបានធ្វើការអំពាវនាវជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង និងជៀសវាងសង្គ្រាមដែលកើតឡើងទាំងអស់។ តំបន់នេះស្ថិតនៅជិតខាងគ្នា ហើយអ៊ីស្រាអែលបានធ្វើការជំរុញថ្មីមួយដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់គឺក្រុមហាម៉ាសតែម្តងនៅហ្គាហ្សាបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាង២០ខែជាមួយក្រុមនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ