អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ ដើម្បីតាមដានពីសកម្មភាពល្មើសច្បាប់ចរាចរណ៍ នៅលើបណ្ដោយផ្លូវជាតិលេខ១

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ ដែលមានភ្ជាប់តេឡេក្រាម ដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណជន បញ្ជូនរូបភាព វីដេអូ និង រាយការណ៍ ពីសកម្មភាពរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ បើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង នៅលើបណ្ដោយផ្លូវជាតិលេខ១ ដើម្បីសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ ចាត់វិធានអប់រំណែនាំធ្វើកិច្ចសន្យា និងធ្វើការឃាត់យានល្មើសទាំងនោះ អនុវត្តទៅតាមនីតិវិធីច្បាប់ ចរាចរណ៍ផ្លូវគោក។

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសំណូមពរដល់ប្រជាពលរដ្ឋណាដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាពបើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជាវីដេអូឱ្យជាប់នឹងផ្លាកលេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាមអ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤។

លោកបណ្ឌិត បានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណីណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់»៕ ដោយៈ សាវរក្ស