អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូរពីការពង្រឹងសមត្ថភាពនិងអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការការងារសម័យឌីជីថល

ព្រះសីហនុ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មានបានណែនាំដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ គិតគូររៀបចំផែនការបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សរបស់មន្ទីរលើជំនាញព័ត៌មាន និងសោតទស្សន៍ ឱ្យបានខ្លាំងឡើង សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការងារក្នុងសម័យ បច្ចេកវិទ្យាឌីជីថលនេះ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ៖ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅសម័យបច្ចេកវិទ្យា ឌីជីថលនេះ ទាមទារឱ្យមន្ត្រីព័ត៌មានទាំងអស់ត្រូវចេះប្រើប្រាស់កុំព្យូទ័រ ចេះប្រើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗឱ្យបានច្បាស់ដើម្បីងាយស្រួលបញ្ជូន ផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន រហ័សទាន់ពេលវេលា និងមានភាពទាក់ទាញពីអ្នកអាន អ្នកទស្សន។

ឯកឧត្តមបញ្ជាក់ថា  មន្ត្រីដែលមានជំនាញផ្នែកវិទ្យុ  ទូរទស្សន៍ ផ្នែកសរសេរព័ត៌មាន ផ្នែកថតរូប ថតវីដេអូ និងការងារសោតទស្សន៍ផ្សេងទៀត ត្រូវមានផែនការបណ្ដុះបណ្ដាលបន្តគ្នា តាមជំនាញ និងការិយាល័យនីមួយៗ ដើម្បីធានាថាមន្ត្រីទាំងអស់មានសមត្ថភាពអាចបំពេញការងារកាន់តែល្អប្រសើរ និងមាននិរន្តរភាព។

ឯកឧត្តម ទេព អស្នារិទ្ធបានបន្តថា ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាន ពីការងារសោតទស្សន៍ និងជំនាញពាក់ព័ន្ធនេះ  គឺជាកត្តាដ៏ចាំបាច់បំផុត ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ស្របតាមផែនការអភិឌ្ឍន៍មូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ជាមួយគ្នានេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុប្រធានគណៈកម្មការដឹកនាំនិងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្ត ក៏បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុត្រូវខិតខំធ្វើការងារផ្នែកព័ត៌មាននិងសាធារណមតិ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសកម្មថែមទៀត ដើម្បីប្រជាពលរដ្ឋទទួលព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសបន្សាបព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះ មន្ត្រីព័ត៌មាន ត្រូវអនុវត្ត និងតាមដានការងារ ដោយសហការជាមួយ រដ្ឋបាលខេត្ត និងធ្វើការយ៉ាងជាប់លាប់ជាប្រចាំជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី ជំនាញនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត សុក្រឹត ពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ស្រាយបំភ្លឺសាធារណមតិ ឆ្លើយតបទៅនឹងការបំភ្លៃ បន្សាបព័ត៌មានក្លែងក្លាយជាដើម។

ឯកឧត្តមបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយមន្ទីរព័ត៌មានខេត្ត ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗ។ ជាមួយគ្នានេះ ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរ៉េសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram។

បន្ថែមពីលើនេះ មន្ត្រីព័ត៌មានខេត្តត្រូវបង្កើនគំនិតច្នៃប្រឌិត និងប្រើប្រាស់សិល្ប:ក្នុងការប្រមូល ផលិត ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន ពិសេសត្រូវផ្ដោតលើប្រធានបទដែលមានប្រជាប្រិយភាពក្នុងលំហសាធារណមតិ ដើម្បីបញ្ជ្រាបអំពីសមិទ្ធផលរបស់ខេត្ត និងរាជរដ្ឋាភិបាល ព្រមទាំងឆ្លើយទៅនឹងការលើកឡើង និងសំណូមពរនានា។    

  នៅក្នុងឱកាសនោះ លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអរគុណដល់ឯកឧត្តមទេព អស្នារិទ្ធ និងក្រុមការងារក្រសួងព័ត៌មានដែលបានណែនាំជុំវិញការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ជាពិសេស ការតម្រង់ ទិសការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុទាំងអស់ ។    លោកបានប្តេជ្ញាខិតខំពង្រឹងសមត្ថភាពមន្ត្រីតាមជំនាញ ឱ្យបានកាន់តែល្អថែមទៀតតាមរយៈការបំពាក់ឧបករណ៍សម្ភារៈបច្ចេកវិទ្យាថ្មីៗ និងបញ្ចូនមន្ត្រីទៅរៀននៅថ្នាក់ក្រសួងឱ្យបានច្រើន និងចំជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការផ្សព្វផ្សាយក្នុងសម័យបច្ចេកវិទ្យាឌីជីថលកាន់តែទទួលបានជោគជ័យ៕