អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាង ៨៦% អះអាងថាខ្លួនមានសេរីភាពពេញលេញ ក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ បាមបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ ដែលនេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីសា្ថនភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥។នេះជាសិក្សារបស់កម្ពុជា និងដោយកម្ពុជាខ្លួនឯង ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ។  ពាក់ព័ន្ធនឹងសិទ្ធិ និងលំហការងារសារព័ត៌មាន ការសិក្សាបានបង្ហាញលទ្ធផល ថា អ្នកស្ទង់មតិចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះ កម្រិតនៃលំហនិងសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។