អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ការដុតសំណល់ប្លាស្ទិក មានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក

ខេត្តត្បូងឃ្មុំ ៖ ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក វាធ្វើឱ្យមានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។
នេះជាប្រសាសន៍ របស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមជាំង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក ខ្វៃ អាទិត្យា បន្តថា ៖ ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណ ២៩លានតោន ក្នុងឆ្នាំ២០៤០។
ការបំពុលដោយប្លាស្ទិកនេះ បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម, ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់មនុស្សជាតិ៕