អ្នកនាំពាក្យក្រសួងការពារជាតិចិនប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសថាប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ ដោយកត់សម្គាល់ថាវាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកវរសេនីយ៍ឯក Jiang Bin ជាអ្នកនាំពាក្យបានធ្វើសេចក្តីថ្លែងការណ៍បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងដោយលោកបានអត្ថាធិប្បាយលើការកត់សម្គាល់នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro Jr. ដោយសួរអំពីការគាំទ្ររបស់ភាគីចិនចំពោះតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍។ លោកបាននិយាយថាប្រទេសចិនត្រូវតែលុបបំបាត់នុយក្លេអ៊ែរជាមុនសិន ដើម្បីបង្ហាញថាខ្លួនពិតជាគាំទ្រដល់តំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍បាន។ ការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍មានសារៈសំខាន់ណាស់ក្នុងការពង្រឹងរបបមិនរីកសាយភាយអន្តរជាតិ និងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រោះដើម្បីការពារផលប្រយោជន៍សន្តិសុខជាមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន។ ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសន្ធិសញ្ញា តំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ ហើយបានបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈរបស់ចិនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលើកដំបូងនេះ។ ចិនប្រកាន់ខ្ជាប់នូវគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន ហើយបានសន្យាដោយគ្មានលក្ខខណ្ឌថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋដែលមិនមែនជារដ្ឋអាវុធនុយក្លេអ៊ែរ ឬជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនោះទេ។ ប្រទេសចិនគឺជារដ្ឋអាវុធនុយក្លេអ៊ែរតែមួយគត់ដែលបានប្តេជ្ញាចិត្តបែបនេះ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិន៕
សម្រួលអត្ថបទ៖ Borinika Sopharin Em