អ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវយ៉ាងទទូចឱ្យពលរដ្ឋនៅតាមព្រំដែនពិចារណាការងារនៅក្នុងស្រុក ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។

អ្នកនាំពាក្យរូបនេះ លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គមផ្សេងៗទៀតផងដែរ ខណៈដែលការចំណាយប្រចាំថ្ងៃតិចជាងនៅប្រទេសថៃ ដែលជួយយ៉ាងច្រើនលើការសន្សំសំចៃរបស់បងប្អូនប្រជាពលរដ្ឋ»។

បន្ថែមពីនេះ ឯកឧត្តមបានរំលឹកផងដែរថានៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះបងប្អូនក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕