អ្នកនាំពាក្យក្រសួងការងារ ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញបងប្អូនអតីតពលករចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ 

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនអតីតពលករចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសការងារធ្វើ។ 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ក្រសួង នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារចំការតាដោក ស្រុកមង្គលបុរី និងថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងនៅទូទាំងប្រទេស ជូនបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ 

ស្របពេលដែលមានការរៀបចំពិព័រណ៍ការងារនេះ លោក ស៊ុន មេសា បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រួសារដែលមានសមាជិកជាអតីតពលករត្រឡប់មកពីប្រទេសថៃ សូមជួយផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូងអតីតពលករ ឬក៏អាចនាំពួកគាត់ឱ្យទៅចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីទទួលបានឱកាសការងារ ព្រោះថា នៅក្នុងពិព័រណ៍នេះ បងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចដាក់ពាក្យភ្លាម និងសម្ភាសភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ។ 

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានឱ្យដឹងដែរថា សម្រាប់ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបន្ទាយមានជ័យនេះ បងប្អូនអតីតពលករ ដែលមានបំណងស្វែងរកការងារ នឹងទទួលបាន ការដឹកជញ្ជូនចូលរួមកម្មវិធី អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួលបានការកាត់សក់ពីជាងជំនាញ ដោយឥតគិតថ្លៃថែមទៀតផង។ 

គួររំលឹកថា អតីតពលករខ្មែរមកពីប្រទេសថៃប្រមាណជាង ២ពាន់នាក់ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត៕