«អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល» នេះជាប្រសាសន៍ផ្តើមដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា

«អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល» នេះជាប្រសាសន៍ផ្តើមដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៦៩១នាក់កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងបន្តទៀតនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បាន លើកយកកាលពីជំនួបរវាងក្រសួងសុខាភិបាល និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញពីភាពជាវិជ្ជមាននៃការងារសុខាភិបាល បានបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយភាពជាវិជ្ជមាននោះ កើតចេញពីការរួបរួមគ្នារបស់មន្រ្តីសុខាភិបាលគ្រប់រូប នាពេលកន្លងមកនេះ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ អនុញ្ញាតឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានដឹងពីការព្រួយបារម្ភ និងសំណូពរផ្សេងៗ ដែលលើកឡើងដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់ធ្វើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ សំដៅការរិះរកវិធីសាស្រ្ត កែលម្អ និងបង្ការកុំឱ្យមានបញ្ហាកើតឡើងនៅតាមបណ្តាអង្គភាពសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជំហរគាំទ្រ និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ខិតខំប្រឹងប្រែងធ្វើបន្តទៀត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីភាពចាំបាច់នៃយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល មានគោលបំណងច្បាស់លាស់ មានសកម្មភាពជាអាទិភាព និងសមហេតុផល។ ការមានយុទ្ធសាស្រ្តបែបនេះ នឹងបង្កើនលទ្ធភាពនៃការទទួលជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យដែលបានកំណត់។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ការគ្រប់គ្រងជំងឺគ្រុនឈាម និងមានការពិភាក្សាស្វែងរកគន្លឹសម្រាប់កាត់បន្ថយការរាលដាលនៃជំងឺគ្រុនឈាមក្នុងឆ្នាំ ២០២៥នេះ៕