សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីបំពេញកន្លែងទំនេរក្នុងចំណោមសមាជិកជ្រើស តាំងទាំង ៤០រូបរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយអង្គបោះឆ្នោតភាគច្រើន បានគាំទ្រអ្នកជំនួញវ័យក្មេង៧រូប ជាសមាជិកជ្រើសតាំងថ្មី។
ពិធីបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញបានប្រព្រឹត្តទៅក្រោមអធិប តីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ និងសមាជិក សមាជិកាជាច្រើនរូប នៅទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅអគារវីងថោវើ (Wing Tower)។
អ្នកជំនួញវ័យក្មេង៧រូប រួមមាន អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា អ៊ឹង លីហេង, លោកស្រី គឹម សំភ័ស, អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងឧកញ៉ាបណ្ឌិត អន ប៊ុនហាក់ ត្រូវបានអង្គបោះ ឆ្នោតចំនួន៩០នាក់ក្នុងចំណោម៩៣នាក់ បោះឆ្នោតគាំទ្រ ឱ្យក្លាយជាសមាជិកជ្រើសតាំងថ្មីរបស់ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងកោតសរសើរចំពោះសមាជិកថ្មីទាំង៧រូបនេះ ដោយបានសង្កត់ធ្ងន់ថា ពួកគេសុទ្ធសឹងជាអ្នក ជំនួញវ័យក្មេង ប្រកបដោយបញ្ញា មានសមត្ថភាពខ្ពស់ និងមានធនធាន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលការងាររបស់វិស័យឯកជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន។
បើតាម អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតវិសាមញ្ញ ដើម្បីជ្រើសរើសសមាជិកជ្រើសតាំងមកពេញកន្លែងរបស់សមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មកម្ពុជា ដែលមានចំនួនសរុប៤០រូប។ ការបោះឆ្នោតនេះធ្វើឡើងដោយសារមានសមាជិកមួយចំនួនមានភារកិច្ច ហើយអ្នកខ្លះបានសុំសម្រាក។
អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកម្ពុជាមានសមាជិកបីប្រភេទ រួមមាន៖ សមាជិកជ្រើសតាំងដែលចំនួន៤០រូប, សមាជិកសាមញ្ញដែលមាន៥ពាន់នាក់មកក្រុមហ៊ុនសហគ្រាសនានា និងសមាជិកទីប្រឹក្សា។ សមាជិកទាំងអស់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នគ្រឹះស្ថានរបស់រដ្ឋមួយ ដែលគ្រប់គ្រងដោយវិស័យឯកជន៕



