អ្នកគាំទ្រប៉ាគីស្ថានប្រមូលផ្តុំគ្នានៅខាងក្រៅអគារគណៈកម្មាធិការជាន់ខ្ពស់របស់ឥណ្ឌាប្រចាំនៅទីក្រុងឡុងដ៍ដើម្បីអំពាវនាវសុំសន្តិភាព និង បញ្ចប់ជម្លោះរវាងភាគីទាំងពីរ

អ្នកគាំទ្រប៉ាគីស្ថានបានប្រមូលផ្ដុំគ្នានៅខាងក្រៅគណៈកម្មការជាន់ខ្ពស់របស់ឥណ្ឌានៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធនេះដើម្បីទាមទារចង់ឱ្យមានសន្តិភាពរវាងឥណ្ឌានិងប៉ាគីស្ថានឡើងវិញ។ ភាពតានតឹងបានកើនឡើងបន្ទាប់ពីប៉ាគីស្ថានបានប្រកាសថាខ្លួននិងសងសឹកចំពោះពលរដ្ឋរបស់ខ្លួនដែលបានស្លាប់ដោយសារមីស៊ីលកាលពីថ្ងៃពុធ ហើយទីក្រុងញូវដេលីបានអះអាងថាការបាញ់ប្រហារនេះជាសកម្មភាពសងសឹកចំពោះហេតុការណ៍សម្លាប់ភ្ញៀវទេសចរឥណ្ឌាកាលពីខែមុននៅតំបន់ជម្លោះកាស្មៀរដែលខ្លួនគ្រប់គ្រង។ ប៉ាគីស្ថានបានហៅការវាយប្រហារនេះថាជាសកម្មភាពចាប់ផ្ដើមសង្រ្គាម ហើយប៉ាគីស្ថានបាននិយាយថាពួកគេបានបាញ់យន្ដហោះចម្បាំងរបស់ឥណ្ឌាអោយធ្លាក់ចុះជាច្រើនគ្រឿងដែរ។ យោងតាមកងទ័ពប៉ាគីស្ថាន ចំនួនមនុស្សស្លាប់បានកើនឡើង៣១នាក់ រួមមានស្ត្រី និងកុមារក្រោយការបាញ់មីស៊ីលរបស់ឥណ្ឌានៅតំបន់កាស្មៀរដែលប៉ាគីស្ថានគ្រប់គ្រង និងតំបន់ខ្លះនៃខេត្ត Punjab ដែរ។ យោងទៅតាមសំដីអ្នកតវ៉ាម្នាក់ដែលមានឈ្មោះថា Naheeda Nasir បាននិយាយថា “យើងចង់បានសន្តិភាព ហើយយើងពិតជាចង់ឱ្យពិភពលោកដឹងថាពួកយើងចង់បានសន្តិភាពមែន” យ៉ាងណាមិញនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយថា៖ ប្រទេសរបស់ខ្លួននឹងសងសឹកឲ្យអ្នកស្លាប់ទាំងអស់ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតទៅលើរឿងនោះទេ។ គួរបញ្ជាក់ផងដែរថាការប្រកាសនេះបានបង្កឱ្យមានក្តីព្រួយបារម្ភចំពោះសង្គ្រាមយ៉ាងពេញទំហឹងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរឡើយ ហើយនេះគឺជាការប៉ះទង្គិចធ្ងន់ធ្ងរបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩មក។ មិនតែប៉ុណ្ណោះ លោក Sharif បានសរសើរកងទ័ពរបស់លោកដែរ សម្រាប់បេសកកម្មបាញ់យន្ដហោះឥណ្ឌាចំនួន៥គ្រឿង ប៉ុន្តែយន្ដហោះចំនួន៣ គ្រឿងរបស់ខ្លួន ក៏បានធ្លាក់ចុះលើភូមិមួយចំនួនដែលឥណ្ឌាគ្រប់គ្រងដែរ នេះបើតាមការបញ្ជាក់របស់ប៉ូលីស និងប្រជាជនក្នុងតំបន់នោះ។

គួររំលឹកផងដែរថាប្រទេសឥណ្ឌា និងប៉ាគីស្ថានបានប្រយុទ្ធគ្នាចំនួនពីរលើកហើយក្នុងចំណោមសង្គ្រាមទាំងបីរបស់ពួកគេលើតំបន់ភ្នំហិម៉ាឡៃនៅកាស្មៀរ ដែលត្រូវបានបែកចែកការកាន់កាប់រវាងប្រទេសទាំងពីរហើយភាគីទាំងពីរសុទ្ធតែមានមហិច្ឆតាទាមទារចង់គ្រប់គ្រងតំបន់កាស្មៀរទាំងស្រុងរៀងៗខ្លួនផងដែរ៕

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា