អ្នកកាសែតបរទេសជាង៣០នាក់បានទៅទស្សនកិច្ចស្វែងយល់នៅការិយាល័យភាសាបរទេសនៃមជ្ឈមណ្ឌលទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុងប៉េកាំង

អ្នកសារព័ត៌មានបរទេសប្រមាណជាង៣០នាក់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបាននឹងកំពុងសិក្សាស្វែងយល់វប្បធម៌ប្រពៃណី និងរចនាសម្ព័ន្ធនៅក្នុងប្រទេសចិនបានអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិកនៃការិយាល័យភាសាបរទេស ឬ APG ដែលរៀបចំដោយមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិនផ្ទាល់ ឬ (CIPCC) ដោយកម្មវិធីនេះដឹកនាំអ្នកសារព័ត៌មានបរទេសដោយលោក Zhang Jianbo ជាអ្នកសម្របសម្រួលនិងជាអគ្គនាយកនៃ CIPCC ផងដែរ។ លោកស្រី Zhao Jun ជាប្រធាន CICG ឬ Center for Asia and Pacific បានលើកឡើងអំពីភាពវិវឌ្ឍន៍នៃការិយាល័យនេះ គឺបានធ្វើការច្រើនជាមួយអ្នកសារព័ត៌មានបរទេសជាពិសេសក្នុងអាស៊ាន និង ប្រទេសភាគខាងត្បូង មិនតែប៉ុណ្ណោះនៅក្នុងការិយាល័យភាសារបរទេសនេះក៏មានបុគ្គលិកស្មគ្រ័ចិត្តពីប្រទេសជាដៃគូផងដែរមានដូចមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ថៃ និងជនជាតិចិន ដោយពួកគេបានធ្វើការងារយ៉ាងសកម្មលើការផលិតឯកសារជាសៀវភៅ ជាវីដេអូ និង បកប្រែពីភាសារចិនទៅកាន់ភាសារនៃប្រទេសនីមួយឲ្យកាន់តែយល់ច្បាស់ពីគោលនយោបាយរបស់រដ្ឋាភិបាលជាមួយបណ្តាប្រទេសជាមិត្ត និង ភាពរីកចម្រើនរបស់ប្រទេសចិនគ្មានដែនកំណត់ដើម្បីប្រកួតប្រជែងលើសកលលោក។ លោក Zhang Jianbo នាយកមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន (CIPCC) បានលើកឡើងពីទំនាក់ទំនងយ៉ាងទូលំទូលាយ និងកិច្ចសហប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាមួយអង្គភាពទំនាក់ទំនងក្នុងតំបន់ រួមទាំងក្រុមទំនាក់ទំនងអន្តរជាតិចិន (CICG) និង CICG-អាស៊ីប៉ាស៊ីហ្វិក។ លោកបានពន្យល់ថាកម្មវិធីរបស់មជ្ឈមណ្ឌលនេះជាធម្មតាមានគម្រោងពីរ ដែលគម្រោងនីមួយៗមានរយៈពេល៤ខែ។ ប៉ុន្តែក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥នេះគឺមានតែមួយប៉ុណ្ណោះដែល CIPCC បានអញ្ជើញអ្នកកាសែតបរទេសចំនួន ១១៩នាក់មកពី ១០១ប្រទេសមកទស្សនកិច្ចនៅប្រទេសចិន។ បើយើងក្រឡេកមើលពេលវេលាខាងមុខវិញ លោកបានកត់សម្គាល់ថា នៅដើមខែកញ្ញាមជ្ឈមណ្ឌលនេះ គ្រោងនឹងរៀបចំឱ្យមានអ្នកជំនាញសារព័ត៌មានអន្តរជាតិជាង១២០នាក់ សម្រាប់ដំណើរទស្សនកិច្ចដាច់ដោយឡែកមួយទៀត។
លើសពីគំនិតផ្តួចផ្តើមរយៈពេលវែងទាំងនេះ CIPCC ក៏រៀបចំសកម្មភាពរយៈពេលខ្លីផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងទំនាក់ទំនងទៅវិញទៅមក។
លោកបាននិយាយថា CIPCC បានចូលរួមយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមកពីសកលលោកខាងត្បូង។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤មជ្ឈមណ្ឌលនេះបានទទួលអ្នកកាសែតបរទេសជាង ៧៦៧នាក់មកទស្សនាប្រទេសចិនរហូតដល់ចុងឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានោះដែរអ្នកសារព័ត៌មានទាំងអស់ក៏បានធ្វើការណែនាំខ្លួន និងស្ថាប័ន ភ្ជាប់ជាមួយនឹងទំនួលខុសត្រូវដែលពួកគេកំពុងតែធ្វើ បទពិសោធន៍នៅប្រទេសចិន និង ការអនុវត្តន៍ការងារក្រោយបញ្ចប់ការសិក្សានៅទីនេះប្រកបដោយភាពស្និតស្នាល និង ទទួលបាននូវចំណេះដឹងច្រើនពីគ្នាទៅវិញទៅមក។ ក្រោយមកក៏មានការធ្វើបទបង្ហាញពីការងារនិពន្ធសៀវភៅ បកប្រែសៀវភៅនៃគោលនយោបាយរបស់លោកប្រធានាធិបតី ស៊ី ជិនភីង និងបានចែកចាយដោយប្រែសម្រួលទៅតាមប្រទេសជាដៃគូថែមទៀតផង និង ភាពវិវឌ្ឍន៍នៃភាសារ Esperanto ដោយលោក Wang Hanping សម្រាប់ជូនដល់អ្នកសារព័ត៌មានទាំងអស់ស្វែងយល់និងសិក្សាតាមលំអានបាន។ ជំនួបសិក្សានៅថ្ងៃនេះបានបង្ហាញឲ្យឃើញច្បាស់ថាប្រទេសចិនមានធនធានមនុស្សច្រើនដែលអាចធ្វើការងារជាមួយប្រទេសជាមិត្តនៅលើសកលលោកបានច្រើន ហើយមជ្ឈមណ្ឌលទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិកនៃការិយាល័យភាសាបរទេសនេះគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងនិងផ្សារភ្ជាប់ជាមួយនឹងជនបរទេស អ្នកកាសែតបរទេសដើម្បីផលិតនូវសៀវភៅដ៏ល្អអស្ចារ្យរវាងចិនអាស៊ាន រវាងចិននិងតំបន់ភាគខាងត្បូងជាដើម៕
សម្រួលអត្ថបទ៖ Borinika Sopharin Em