អ៊ីស្រាអែលសម្រុកវាយលុកក្រុមហាម៉ាសនៅ GAZA ដើម្បីដណ្តើម ទឹកដីមកគ្រប់គ្រងវិញ ប៉ុន្តែហាម៉ាសចង់ឲ្យអ៊ីស្រាអែលដកទ័ពចេញ ទាំងស្រុងដើម្បីបញ្ចប់សង្រ្គាម

ទិដ្ឋភាពផ្សែងពីគ្រាប់ផ្លោងត្រូវគេមើលឃើញថាបានកើនឡើងនៅក្នុងតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យនេះ ខណៈដែលអ៊ីស្រាអែលបានបន្តការវាយលុកមិនឈប់ឈរ។ មន្ទីរពេទ្យនិងគ្រូពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់របស់ប៉ាឡេស្ទីន បានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង១០០នាក់ហើយ។ ការប្រយុទ្ធគ្នាក៏បានបង្ខំឱ្យមន្ទីរពេទ្យដ៏សំខាន់មួយនៅភាគខាងជើងហ្គាហ្សាត្រូវបិទទ្វាដែរ។ មន្ទីរពេទ្យ និងបុគ្គលិកពេទ្យបាននិយាយថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងយប់ ទាំងថ្ងៃ គួរឲ្យសង្វេគណាស់។ យោធាអ៊ីស្រាអែលមិនបានអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារទាំងយប់នោះទេ។ ប៉ុន្តែអ៊ីស្រាអែលបានបន្ទោសជនស៊ីវិលដែលស្លាប់និងរបួសនោះគឺដោយភាពគឃ្លើនប្រឆាំងរបស់ក្រុមហាម៉ាសដដែល ព្រោះក្រុមសកម្មប្រយុទ្ធនេះបានធ្វើប្រតិបត្តិការចេញពីតំបន់ជនស៊ីវិលទាំងនោះ។ ការបង្ហូរឈាមនេះកើតឡើងនៅពេលដែលអ៊ីស្រាអែលបង្កើនសង្រ្គាមរបស់ខ្លួននៅហ្គាហ្សាជាមួយនឹងការវាយលុកថ្មីមួយដែលមានឈ្មោះថា “Gideon’s Chariots” ដែលអ៊ីស្រាអែលនិយាយថាខ្លួនមានផែនការដណ្តើមយកទឹកដី ផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ទៅកាន់ភាគខាងត្បូងនៃហ្គាហ្សាវិញ និងគ្រប់គ្រងកាន់តែខ្លាំងលើការចែកចាយជំនួយ។ អ៊ីស្រាអែលបាននិយាយថា ផែនការថ្មីនេះគឺមានគោលបំណងបង្កើនសម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាសឱ្យយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្នមួយតាមលក្ខខណ្ឌរបស់អ៊ីស្រាអែល ដែលជាផែនការមួយដែលនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានពួកគេឃុំខ្លួននៅហ្គាហ្សា ប៉ុន្តែនឹងមិនចាំបាច់បញ្ចប់សង្រ្គាមនោះទេ។ ក្រុមហាម៉ាស់វិញនិយាយថា ខ្លួនចង់ឱ្យអ៊ីស្រាអែលដកកងកម្លាំងទាំងស្រុងចេញពីតំបន់ហ្គាហ្សា និងជាផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីណាមួយដែរ។ អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់តំបន់នេះ មុនពេលដែលខ្លួនចាប់ផ្តើមការវាយលុកជាថ្មី ដោយពួកគេបានកំពុងនឹងផ្តល់ឱកាសសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយដូចគ្នា ប៉ុន្តែលោក Trump ពិតជាមិនបានទៅតំបន់នោះទេ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅមជ្ឈឹមបូព៌ា។ ខណៈដែលក្រុមនានាកំពុងចរចាបទឈប់បាញ់ដ៏មានសក្តានុពលនៅក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ហាក់ដូចជាមិនមានការទម្លាយអ្វីទាល់តែសោះ ទាក់ទងនឹងបញ្ហានេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ