អំឡុងពេលមេដឹកនាំរុស្ស៊ីទស្សនកិច្ចនៅឥណ្ឌា! មន្រ្តីរុស្ស៊ីអួតប្រាប់ ពិភពលោកថា៖ខ្លួនបានបាញ់ទម្លាក់ Drone របស់អ៊ុយក្រែន ៧៦គ្រឿង និងវាយប្រហារជាង១៤០កន្លែងផ្សេងទៀត
អំឡុងពេលដែលមេដឹកនាំរុស្ស៊ីកំពុងទស្សនកិច្ចនៅប្រទេសឥណ្ឌា និងអំឡុងពេលមានភាពតានតឹងអំពីស្ថានភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ស្រាប់តែមន្រ្តីរុស្ស៊ីបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារគោលដៅនៅក្នុងតំបន់ជាង ១៤០ និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង៧០គ្រឿងដែរក្នុងរយៈពេលពីរថ្ងៃមកនេះ ខណៈដែលអ៊ុយក្រែនវិញអះអាងថា ខ្លួនទើបតែបានវាយប្រហារឃ្លាំងប្រេងរបស់រុស្ស៊ីមួយកន្លែងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា៖ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៧៦គ្រឿង។ ទន្ទឹមនឹងនេះដែរ ក្រសួងបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនមួយកាលពីថ្ងៃពុធនេះថា៖ កងកម្លាំងរុស្ស៊ីបានវាយប្រហារគោលដៅនៅក្នុងតំបន់ចំនួន ១៤៥ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលដែលបម្រើដល់យោធាអ៊ុយក្រែន និងទីតាំងផ្តល់សិក្ខាសាលាដំឡើងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដែរ។ កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីបានបំផ្លាញនាវាគ្មានមនុស្សបើកចំនួនពីរគ្រឿងទៀតនៅភាគពាយ័ព្យនៃដែនសមុទ្រខ្មៅ។ លើសពីនេះអ៊ុយក្រែនក៏បានឆ្លើយតបវិញថា៖កងទ័ពរបស់ខ្លួនក៏បានវាយប្រហារឃ្លាំងប្រេងមួយកន្លែងនៅក្នុងតំបន់ Tambov របស់រុស្ស៊ីតបវិញដែរ។ យោងតាមក្រុមសេវាស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបញ្ជាក់ទៀតថា៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើឧបករណ៍បញ្ជាពីចម្ងាយកាលដើម្បីបំផ្លាញផ្នែកមួយនៃបំពង់បង្ហូរប្រេង Druzhba នៅក្នុងប្រទេសរុស្ស៊ីថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិករបំពង់បង្ហូរប្រេងនៅស្លូវ៉ាគី និងហុងគ្រីបាននិយាយកាលថា បំពង់បង្ហូរប្រេងរបស់ពួកគេនៅតែដំណើរការធម្មតាដដែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ



