អំឡុងពេលដែលតម្លៃប្រេងសាំងឡើងថ្លៃ! មនុស្សភាគច្រើនងាកមកចាប់អារម្មណ៍រថយន្តអគ្គិសនីវិញ ស្របពេលដែលអ្នកប្រើប្រាស់រថយន្ត EV រួចហើយបង្ហាញក្តីរំភើបនៃជម្រើសរបស់ពួកគេ 

សង្គ្រាមអ៊ីរ៉ង់កំពុងធ្វើឱ្យតម្លៃប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈកើនឡើង ខ្ពស់ បុរសម្នាក់នៅទីក្រុង Detroit រូបនេះពិតជាមានសេចក្តីសោមនស្សរីករាយដែលលោកលែងចាខ្វល់រឿងក់សាំងរថយន្ត SUV ដែលលោកធ្លាប់ប្រើរយៈពេល១១ឆ្នាំមកហើយ។ នៅពេលដែលលោក Kevin Ketels បានទិញរថយន្តប្រភេទ Chevrolet Blazer 2026 ជាប្រភេទរថយន្តអគ្គិសនីកាលពីឆ្នាំមុន លោកមិនបានគិតអំពីតម្លៃប្រេងសាំងឡើងខ្ពស់នោះទេ។ លោកគ្រាន់តែគិតថារថយន្តអគ្គិសនីគឺល្អជាង ហើយ “ចង់ឲ្យវាក្លាយជាផ្នែកមួយនៃអនាគតរបស់លោក”។ លោក Ketels អាយុ៥៥ឆ្នាំ ជាសាស្ត្រាចារ្យរងផ្នែកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅសាកលវិទ្យាល័យ Wayne State បាននិយាយថា “អគ្គិសនីអាចឡើងថ្លៃ ប៉ុន្តែវានឹងមិនឡើងថ្លៃដូចប្រេងឥន្ធនៈនោះទេ ហើយវាក៏មិនឡើងថ្លៃលឿនដូចសាំងដែរ”។ អ្នកជំនាញនិយាយថា តម្លៃសាំងខ្ពស់នឹងមានរយៈពេលយូរអាចជំរុញឲ្យមានការចាប់ចំណាប់អារម្មណ៍ ពីការលក់រថយន្តអគ្គិសនីមួយចំនួនបាន ជាពិសេសប្រសិនបើអ្នកបើកបរសន្មត់ថាតម្លៃអគ្គិសនីរបស់ពួកគេនឹងមិនរងផលប៉ះពាល់ដោយវិបត្តិប្រេងសាំងនោះ។ ប៉ុន្តែមានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ការទិញរថយន្តអគ្គិសនីរបស់អ្នកប្រើប្រាស់ និងអត្រាអគ្គិសនីផងដែរ។ អ្នកបើកបរយានយន្តដែលប្រើសាំងងាយនឹងប្រែប្រួលតម្លៃដែលបណ្តាលមកពីជម្លោះសកលជាជាងអ្នកដែលសាកថ្មរថយន្តអគ្គិសនីរបស់ពួកគេ។ យោងតាមប្រភព AAA បញ្ជាក់ថាតម្លៃជាមធ្យមទូទាំងប្រទេសសម្រាប់ប្រេងសាំងធម្មតាមួយហ្គាឡុងក្នុងសប្តាហ៍នេះគឺ ៣,៥៧ ដុល្លារ កើនឡើងពី២,៩៤ ដុល្លារអាម៉េរិក បើធៀបកាលពីមួយខែមុន។ ទន្ទឹមនឹងនេះដែរ “តម្លៃអគ្គិសនីសម្រាប់លំនៅដ្ឋានត្រូវបានគ្រប់គ្រង ហើយមានភាពប្រែប្រួលតិចតួចជាងតម្លៃប្រេងសាំង”នេះជាការលើកឡើងរបស់លោក លោក Erich Muehlegger ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Davis ។ “ជាលទ្ធផល ម្ចាស់រថយន្ត EV  ឬ រថយន្តអគ្គិសនីភាគច្រើនមិនរងផលប៉ះពាល់ដោយភាពភ្ញាក់ផ្អើលនៃតម្លៃប្រេងសាំងសកលនោះទេ”។ ប៉ុន្តែអ្នកជំនាញបានបន្ថែមថា តម្លៃអគ្គិសនីបានកើនឡើងទូទាំងប្រទេសដោយសារហេតុផលជាច្រើន រួមទាំងការកើនឡើងនៃតម្រូវការថាមពលពីមជ្ឈមណ្ឌលទិន្នន័យថ្មីៗដែរ។ សម្រាប់លោក Holt Edwards ជានាយកនៅក្នុងក្រុមដោះស្រាយគោលនយោបាយរបស់ Bracewell បាននិយាយអំពីសង្គ្រាមនាពេលបច្ចបប្បន្ននេះថា “នេះគឺជាព្រឹត្តិការណ៍អតិផរណាដ៏អាក្រក់”។ “តើនេះជាកត្តាជំរុញឲ្យតម្លៃអគ្គិសនីឡើងមែនទេ? សម្រាប់ខ្ញុំគិតថាប្រហែលជាមិនមែនទេ។ ប៉ុន្តែវាពិតជាកត្តារួមចំណែកមួយដែរ”។ ចុះបើសួរថាកម្រិតណាទៅដែលជម្លោះប្រេង និងឧស្ម័នអាចបកក្រោយសម្រាប់ឆ្ពោះទៅរកវិស័យអគ្គិសនីវិញ គឺមិនទាន់ត្រូវបានគេមើលឃើញនៅឡើយទេមកដល់ពេលនេះ។ សន្ទស្សន៍នៃការទិញរថយន្ត Edmunds បានវិភាគទិន្នន័យទិញទំនិញរបស់អ្នកប្រើប្រាស់ក្នុងសប្តាហ៍ទី១ខែមិនា ចាប់ពីថ្ងៃទី ២ ខែមីនាមក និងបន្ទាប់ពីមានសង្គ្រាមនៅអ៊ីរ៉ង់បានចាប់ផ្តើមឡើងខ្ពស់។ ពួកគេបានរកឃើញថាមនុស្សភាគច្រើនបានចាប់អារម្មណ៍មកលើរថយន្តកូនកាត់ រថយន្តសាកថ្ម និងរថយន្តអគ្គិសនីប្រភេទអាគុយមានចំនួន ២២.៤% នៃសកម្មភាពស្រាវជ្រាវយានយន្តទាំងអស់នៅលើគេហទំព័ររបស់ពួកគេដោយក្នុងសប្តាហ៍នោះ គឺកើនឡើងពី ២០.៧% បើធៀបក្នុងសប្តាហ៍មុន។ អ្នកវិភាគក៏បានក្រឡេកមើលទៅក្រោយវិញដែរ នូវការកើនឡើងនៃតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសដ៏ធំចុងក្រោយក្នុងឆ្នាំ ២០២២ ហើយបានរកឃើញថា ការពិចារណាលើរថយន្តអគ្គិសនីបានកើនឡើងយ៉ាងខ្លាំងនៅពេលនោះដូចគ្នា។ ប៉ុន្តែសួរថាតើនេះមានន័យថាការទិញរថយន្តអគ្គិសនីនឹងកាន់តែច្រើនឬអត់នោះ? គឺវាអាស្រ័យទៅលើថាតើអ្នកទិញខ្លួនឯង ដាក់ក្តីរំពឹងថានឹងអាចសន្សំថវិការបានមិនត្រឹមតែនៅពេលនេះប៉ុណ្ណោះទេ ប៉ុន្តែគឺនៅពេលអនាគតផងដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ