អេស្ប៉ាញកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃក្រោយហេតុការណ៍រថភ្លើងបុកគ្នាសម្លាប់មនុស្ស៤២នាក់មិនទាន់ស្រួលបួលផង! ក៏មានករណីរថភ្លើងបុកគ្នាមួយផ្សេងទៀតនៅ Catalonia បន្ថែម
រថភ្លើងដឹកអ្នកដំណើរនៅទីក្រុងបាសេឡូណាបានបុកគ្នាកាលពីថ្ងៃអង្គារ បន្ទាប់ពីជញ្ជាំងទប់រថភ្លើងមួយគ្រឿងបានធ្លាក់មកលើផ្លូវដែក ដោយអាជ្ញាធរអេស្ប៉ាញបាននិយាយថា ហេតុការណ៍នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស ៣៧នាក់ផ្សេងទៀត។ គ្រោះថ្នាក់នៅកាតាឡូញ៉ាភាគឦសាននៃប្រទេសអេស្ប៉ាញនេះបានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍ការបុកគ្នារវាងរថភ្លើងដ៏សាហាវ ដាច់ដោយឡែកមួយផ្សេងទៀតបានសម្លាប់មនុស្ស៤២នាក់នៅភាគខាងត្បូងនៃប្រទេស និងរបួសរាប់សិបនាក់ទៀត។ បុគ្គលិកសង្គ្រោះបន្ទាន់នៅថ្ងៃអង្គារម្សិលមិញនៅតែកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងគំនរបាក់បែកពីគ្រោះថ្នាក់បុករថភ្លើងដ៏សាហាវកាលពីថ្ងៃអាទិត្យដែលបានកើតឡើងក្នុងចម្ងាយប្រហែលជា ៨០០គីឡូម៉ែត្រ ខណៈដែលប្រទេសនេះបានចាប់ផ្តើមកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ។ សេវាសង្គ្រោះបន្ទាន់នៅកាតាឡូញ៉ាបាននិយាយថា ក្នុងចំណោមមនុស្ស ៣៧នាក់ដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់នៅថ្ងៃអង្គារនោះរួម មាន៥នាក់រងរបួសធ្ងន់ធ្ងរ។ មនុស្ស ៦នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពមិនសូវធ្ងន់ធ្ងរប៉ុន្មាននោះទេ។ សេវាសង្គ្រោះបន្ទាន់បាននិយាយទៀតថា រថយន្តសង្គ្រោះបន្ទាន់ចំនួន២០គ្រឿងត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់នោះយ៉ាងរហ័សដែរ។ អ្នកពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា អ្នករងរបួសភាគច្រើនបានជិះក្នុងទូរថភ្លើងទូរដំបូង។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានទទួលស្គាល់ហេតុការណ៍រថភ្លើងបុកគ្នានៅតំបន់បាសេឡូណានោះពិតជាសាហាវមែន ដោយលោកបានសរសេរនៅលើបណ្តាញសង្គម X របស់លោកថា “ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសូមរួមសុខទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេជានិច្ច”៕
សម្រួលអត្ថបទ៖ សុផារិន្ទ



